ភ្នំពេញ ៖ ស្ត្រីជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វេីការឃាត់ខ្លួនយកទៅសួរនាំនិងចាត់ការតាមនីតិវិធីដោយជាប់ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្តយកលុយចំនួន៥១.៩៤០ដុល្លារ។
ការឃាត់ខ្លួនស្ត្រីខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោង១៩និង០០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤១ ក្នុងបុរីហុងឡាយ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះទឹម សុធាវី ភេទស្រីអាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤១ ក្នុងបុរីហុងឡាយ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះឈ្មោះហេង ម៉ារ៉ាណូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅភូមិដេីមមៀន សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ ម៉ឹង សុខលាភ ភេទប្រុស បានទាក់ទងជាមួយហាងបោះពុម្ភអាវយីហោហេងហួរ នៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីកុម្មង់ឱ្យបោះពុម្ពអាវគណបក្សចំនួន ៥០.០០០កំប្លេ (អាវ+មូក) ក្នុងតម្លៃចំនួន១,៣ដុល្លាក្នុងមួយកំប្លេ គិតជាប្រាក់មានចំនួន៦៥.០០០ដុល្លារ ដោយជនរងគ្រោះ បានកក់ប្រាក់ចំនួន៣៩.០០០ដុល្លារ តាមគណនីធនាគារABA លេខកូដប្រតិបត្តិការ8746790264 ទៅឱ្យជនសង្ស័យឈ្មោះ ទឹម សុធាវី ភេទស្រី ដែលជាអ្នកគ្រប់គ្រងនិងចាត់ចែងក្នុងហាងបោះពុម្ពអាវយីហោហេងហូរដើម្បីដំណើរការក្នុងការកុម្មង់បោះពុម្ពអាវចំនួន៥០.០០០កំប្លេ(អាវ+មួក) (លើកទី១)។
លុះមកដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះបានកក់ប្រាក់ចំនួន២៦.០០០ដុល្លារទៀតតាមគណនីធនាគារABA លេខកូដប្រតិបត្តិការ8830252730ទៅឱ្យ ជនសង្ស័យឈ្មោះ ទឹម សុធាវី ភេទស្រី ដែលជាអ្នកគ្រប់គ្រងនិងចាត់ចែងក្នុងហាងបោះពុម្ពអាវយីហោហេងហួរ ដើម្បីដំណើរ ការក្នុងការកុម្មង់បោះពុម្ពអាវចំនួន៥០.០០០កំប្លេ(អាវ+មួក) (លើកទី២) ដោយកំណត់ថ្ងៃយកអាវមុនពេល ចុះឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងឆ្នាំ២០២២។
បន្ទាប់មកជនសង្ស័យឈ្មោះទឹម សុធាវី បានបោះពុម្ពអាវសម្រាប់ផ្តល់ឱ្យជនរងគ្រោះឈ្មោះម៉ឹង សុខលាភ បានចំនួន៥.០០០កំប្លេ(អាវ+មួក) គិតជាប្រាក់មានចំនួន៦.៥០០ដុល្លារ ។
លុះមកដល់ថ្ងៃជិតចុះឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងឆ្នាំ២០២២ ជនសង្ស័យបានផ្ដល់អាវចំនួន១.២០០កំប្លេអាវ+មួក) គិតជាប្រាក់ចំនួន១.៥៦០ដុល្លារនៅសល់អាវចំនួន៤៣.៨០០កំប្លេ(អាវ+មួក) គិតជាប្រាក់មានចំនួន៥៦.៩៤០ដុល្លារ ដោយជនសង្ស័យឈ្មោះ ទឹម សុធាវី បានប្រគល់ប្រាក់ចំនួន៥.០០០ដុល្លារនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ចំពោះចំនួនអាវដែលនៅសល់គឺជនសង្ស័យពុំមានអាវសម្រាប់ផ្តល់ឱ្យជនរងគ្រោះនោះទេ ទើបនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះឈ្មោះ ម៉ឹង សុខលាភ និងជំនួយការឈ្មោះ ហេង ម៉ារ៉ាណូ បានឃាត់ខ្លួនសង្ស័យឈោ្មះ ទឹម សុធាវី ភេទស្រី នាំយកមកប្រគល់ជូនសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី តែម្ដង។
ដោយមានការសម្របសម្រួលនិងឯកភាពពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១១ ៤៩ ០០ ០០ បានអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលយើង ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទឹម សុធាវី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ដោយផ្អែកតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និង ចម្លើយសារភាពរបស់ជនសង្ស័យថាពិតជាមានករណីដូចខាងលើប្រាកដមែន៕