ភ្នំពេញ៖កម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង យីហោ PREMIUM PLUS ឬ អូនស្អាត ជាផលិតផល ឡេ សឺរ៉ូមចាក់ឲ្យស និង ថ្នាំសម្រករាង ជាដើម ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ថា ពេលប្រើប្រាស់បានរងផលប៉ះពាល់ដល់សុខភាព។
ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្នុងបុរី រិទ្ធ នៅចំណុចហាង យីហោ PREMIUM PLUS ឬ អូនស្អាត ផ្លូវលេខលេខ៣ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មាន ថា ការចុះបង្ក្រាបនេះធ្វើឡើងក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ដែលកន្លងមក បានប្រើប្រាស់ផលិតផល ជាច្រើនប្រភេទរបស់ ហាង យីហោ PREMIUM PLUS ឬ អូនស្អាត ដោយបានចាក់សឺរ៉ូមឲ្យស តែធ្វើឲ្យរងផលប៉ះពាល់ដល់រាងកាយនិងស្បែកជាដើម ។
ក្រោយប្រតិបត្តិការ នេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង និង ដកហូតសម្ភារៈផលិតផលមួយចំនួន ព្រមទាំងសារធាតុផ្សំជាច្រើនផងដែរ យកទៅក្រសួងមហាផ្ទៃធ្វើការពិនិត្យ និង សាកសួរបន្ថែម តាមនីតិវិធី ៕