សមត្ថកិច្ចបាននាំអតីតឧកញ៉ា សង ថន និងលោកស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបងបើកសវនាការរឿងពុករលួយលក់ដីរដ្ឋ៥ពាន់ហិកតា

84

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២២បញ្ជាក់ឲ្យដឹង ពី លោក ពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើអតីតឧកញ៉ា សង ថន និងលោក ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបង ពីបទពុករលួយលក់ដីរដ្ឋ៥ពាន់់ហិកតានៅស្រុកគាស់ក្រឡ។

ក្រោយបញ្ចប់សវនាការលោកចៅក្រមបានសម្រេចកំណត់យកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ដើម្បីប្រកាសសាលក្រម។

ជនជាប់ចោទទី១-ឈ្មោះ ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ជាប់ចោទពីបទ១-បំផ្លាញដោយចេតនា, ២-គៃបំបាត់ដោយទុច្ចរិត និង៣-ស៊ីសំណូក។

ជនជាប់ចោទទី២.ឈ្មោះ សង ថន ភេទប្រុស អាយុ៧០ឆ្នាំ(អតីតឧកញ៉ា) ជាប់ចោទពីបទ ១-ប្រើប្រាស់ឯកសារសាធារណៈក្លែង ២-ផ្តើមគំនិតក្នងបទបំផ្លិចបំផ្លាញដោយចេតនា ៣-គៃបំបាត់ដោយទុច្ចរិត និង៤-សូកប៉ាន់ ។

 

ចៅក្រមស៊ើបសួរលោក អ៉ឹម វណ្ណៈ សម្រេចចេញដីកាឃុំខ្លនជនជាប់ចោទឈ្មោះ សង ថន ដាក់ពន្ធនាគារព្រៃស(ម១) ចំណែកជនត្រូវចោទឈ្មោះ ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំមកកាន់ស្នាក់ការនៅភ្នំពេញដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងអំពើពុក រលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ។

ចំណែកលោកឧកញ៉ា សង ថន ត្រូវអង្គភាព ACU ឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នោះដែរ ។