អនិច្ចាផ្លូវខ្ញុំ ការដ្ឋានជីកដីភ្នំ និងដីខ្សាច់ភ្នំ (ទៀងឡយ) កំពុងតែបន្តធ្វើសកម្មភាពជីកកាប់គាស់ កកាយយកអាចម៍ដីទៅលក់ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានគិតពីបញ្ហាសុខភាព សុវត្តិភាពសាធារណៈ ហើយក៏គ្មានការរំខានដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន…

39

ព្រៃវែង៖   ការដ្ឋានជីកដីភ្នំ និងដីខ្សាច់ភ្នំ (ទៀងឡយ)  កំពុងតែបន្តធ្វើសកម្មភាពជីកកាប់គាស់  កកាយយកអាចម៍ដីទៅលក់យ៉ាងសប្បាយ ស្ថិតនៅឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង កំពុងធ្វើសកម្មភាពជីកកាប់គាស់  កកាយយកអាចម៍ដី ដោយប្រើគ្រឿងចក្រជាច្រើនគ្រឿង ទៅលក់ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានគិតពីបញ្ហាសុខភាពប្រជាពលរដ្ឋ និងសុវត្តិភាពសាធារណៈ ហើយក៏គ្មានការរំខានដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានឡើយ។

ចំពោះបញ្ហានេះដែរ ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ពួកគាត់ ដោយហេតុថា «ម្ចាស់ការដ្ឋាន (ទៀងឡយ) កំពុងតែបញ្ចេញសកម្មភាពយ៉ាងសស្រាក់សស្រាំ ក្នុងការដឹកជញ្ជូនអាចម៍ដី ដោយប្រើប្រាស់រថយន្តធន់ធំ គ្មានស្លាកលេខ ដឹកជញ្ជូនដោយគ្មានការវិចខ្ចប់ត្រឹមត្រូវតាមបច្ចេកទេស បើកបរលឿនៗបង្កជាសម្លេងខ្លាំងៗ រំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់»។

ចំណែកឯអភិបាលស្រុកបាភ្នំ លោកឡាយ សំអឿន ដែលទើបតែឡើងកាន់តំណែងថ្មីថ្មោង ហាក់ដូចជាខ្លាចកំដៅថ្ងៃខ្លាំងមែនទែន ខណៈក្រុមអាជីវកម្មកំពុងតែ ធ្វើសកម្មភាពបំផ្លិចបំផ្លាញផ្លូវយ៉ាងអណាធិបតេយ្យ បែរជាលោកអភិបាលស្រុក រូបនេះ គ្មានវិធានការរដ្ឋបាលណាមួយ ដើម្បីទប់ស្កាត់ នេះហាក់ដូចជាបណ្តែតបណ្ដោយពេកហើយ។

ពលរដ្ឋបានបន្ថែម និងបន្តត្អូញត្អែរថា នៅចំណុចមូលដ្ឋានខាងលើនេះ បើសិនជាខែប្រាំងមេឃក្ដៅ គឺបង្កឱ្យហ៊ុយខ្លាំង ហើយបើនៅខែវស្សាមេឃភ្លៀងបង្កឲ្យរអិល ពិបាកក្នុងការធ្វើដំណើរ ជាពិសេសក្មេងតូច ហើយរណ្តៅដីវិញមានជម្រៅជ្រៅដល់ឋានប្រេត ពិបាកដល់សត្វពាហនៈ ដូចជា គោ ក្របី អាចនឹងធ្លាក់ចូលទៅក្នុងរណ្តៅបណ្តាលស្លាប់ និងប្រឈមទៅនឹងការបាក់ស្រុត ដល់ដីចំការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្រឡេកមកមើលលោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង ក៏កំពុងតែសម្ងំស្ងៀមហាក់ដូចជាភ្លេចតួនាទីរបស់ខ្លួនក្នុងការបំពេញកាតព្វកិច្ចមុខងារ ហើយបែរជាបណ្តែតបណ្ដោយឲ្យមានក្រុមឈ្មួញធ្វើការជីកគាស់ កកាយដីមានជម្រៅជ្រៅដល់ឋានប្រេត យកទៅធ្វើអាជីវកម្មយ៉ាងអណាធិបតេយ្យ ដោយគ្មានការបង្ក្រាបទប់ស្កាត់។

ប្រជាពលរដ្ឋជាច្រើនសូមអំពាវនាវស្នើសុំដល់ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង សូមឯកឧត្តមចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងផ្លូវ និងទីតាំងជីកកាយដីខាងលើនេះផងទាន។