នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឯកឧត្តម ឌួង អេលីត នាយកពិធីការសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបច្ច័យ ២០លានរៀល ជូនកញ្ញា សុវត្ថិឌី ធារិកា និងក្រុមគ្រួសារ ចំពោះមរណភាពលោកឪពុក និងអ្នកម្តាយបង្កើត កាលពី ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្ថាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដោយគ្រោះថ្នាក់ចរាចរណ៍។
នៅក្នុងមរណៈទុក្ខដ៏ក្តុកក្តួលនេះ ឯកឧត្តម ឌួង អេលីត បានអាននូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ហើយចំពោះមរណភាព លោកឪពុក អ្នកម្តាយ របស់ កញ្ញា សុវត្ថិឌី ធារីកា គឺជាការបាត់បង់នូវអ្នកមានគុណដ៏ធំធេងបំផុត ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ មានទឹកចិត្តសន្តោសប្រណី ដែលពេញក្នុងមួយជីវិតរបស់លោកទាំងពីរ បានប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត ថែរក្សាអប់រំ ផ្តល់ដំបូន្មានល្អៗដល់កូនៗ និងក្រុមគ្រួសារ ឲ្យបានក្លាយជាធនធានមនុស្សដ៏ល្អប្រពៃថ្លៃថ្លាក្នុងសង្គមជាតិ ដោយពុំអាចបំភ្លេចបាន។
ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមប្រោសដួងវិញ្ញាណក្ខន្ធ លោកឪពុក អ្នកម្តាយ របស់ កញ្ញា សុវត្ថិឌី ធារីកា បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕ គ្រឿងឧបភោគបរិភោគ និងបច្ច័យរួមមាន ៖ អង្ករ ១០០គីឡូក្រាម មី ៥កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥កេស និងថវិកា ២០លានរៀល៕
ប្រភព÷ក្រសួងព័ត៏មាន