ខេត្តបាត់ដំបង ៖ បុរសជនជាតិថៃមួយរូបដោយញ៉ាមនឹងលួចបានទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរហើយបានឆ្លៀតឱកាសរត់រួចខ្លួនបានម្តងក៏បន្តប្រព្រឹត្តអំពើទុច្ចរិតដោយដើរធ្វើសកម្មភាពដដែល ត្រូវនគរបាលតាមប្រមាញ់យ៉ាងក្តៅគគុករហូតឈានដល់បង្ក្រាបបាន។
មន្ត្រីនគរបាលបានឱ្យដឹងនៅថ្ងៃទី១៥ ខែឧសភានេះថា ដោយមានការសម្របសម្រួលនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង១២និង៤២នាទី នៅចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត ចុះ ប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (គាស់សោទ្វារផ្ទះលួចយកទ្រព្យសម្បត្តិ) ០១ ករណីនិងបាននាំខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ថាវី ណងនុត ហៅ មូ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ៧៣ ភូមិ៣ ឃុំបាងកាក់ធុម ស្រុកបាងកាក់ធុម ខេត្តភិស្នុលោក ប្រទេសថៃ បច្ចុប្បន្នមកស្នាក់នៅផ្ទះចម្ការ ស្ថិតក្នុងភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនសង្ស័យខាងលើជាជនជាតិថៃបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពយកទួរណឺវីសគាស់ទ្វារផ្ទះប្រជា ពលរដ្ឋខ្មែរចំនួន២លើក គឺនៅក្នុងស្រុករតនមណ្ឌល១លើក និងនៅក្នុងស្រុកបាណន់ ១ លើក។
ដោយលើកទី១-ធ្វើសកម្មភាពកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២២ នៅវេលាម៉ោងប្រហែល៩ព្រឹក ជនសង្ស័យគាស់ទ្វារផ្ទះលួចយកទ្រព្យសម្បត្តិនៅចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ឆោម សំអាត ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅខាងលើដោយយកបានសម្ភារនិងទ្រព្យសម្បត្តិរួមមាន ៖ ខ្សែកមាសទម្ងន់៥ ជី,បន្តោងខ្សែកមាស៣ជី ,កងដៃប្លាទីន៥ ជី ,ខ្សែកប្លាទីន៤ ជី,ចិញ្ចៀនប្លាទីនដាំត្បូងពណ៌ខៀវ២០គ្រាប់១វង់,ចិញ្ចៀនប្លាទីនស្នាយចំនួន១វង់,ចិញ្ចៀនពេជ្រ១ វង់ (តម្លៃ ២៨០០ដុល្លារ), ប្រាក់ដុល្លារ ចំនួន២០០ ដុល្លារ,លុយខ្មែរចំនួន១០ម៉ឺនរៀល។
លើកទី២-ជនសង្ស័យធ្វើសកម្មភាព កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង៤និង៤៥នាទីទៀបភ្លឺ ដោយបានគាស់ទ្វារផ្ទះលួចយកទ្រព្យសម្បត្តិនៅចំណុចភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជារបស់ជនរងគ្រោះឈ្មោះ សាន សុខា ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅខាងលើ។
សម្ភារបាត់បង់រួមមាន ៖ ខ្សែកមាស១ខ្សែទម្ងន់១តម្លឹង,ខ្សែដៃមាស១ខ្សែទម្ងន់១តម្លឹង,ចិញ្ចៀនមាស១វង់ទម្ងន់៥ជី, ប្រាក់ខ្មែរចំនួន ៥,៣០០,០០០ រៀល (ប្រាំលានសាម សិបម៉ឺនរៀល) ,ប្រាក់ដុល្លារចំនួន១០៥០ ដុល្លារ (មួយពាន់ហាសិបដុល្លារ)។
ក្នុងនោះវត្ថុតាងដកហូតរួមមាន ៖ ម៉ូតូម៉ាកហុងដាសេ ១០០ គ្មានស្លាកលេខ ស៊េរីចាស់ ចំនួន០១គ្រឿងពីជនសង្ស័យផងដែរ។
លោក ឈឿង គឹមសុង បញ្ជាក់ថា បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលា ដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕