ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំក្រុមការងារត្រៀមរៀបចំ ពិធីកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា- វៀតណាម ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ លើកទី៥ និងពិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនគោក កម្ពុជា- វៀតណាម ថ្នាក់រដ្ឋមន្ត្រីការពារជាតិ លើកទី១ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅច្រកទ្វារព្រំដែន ត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីពិនិត្យវាយតម្លៃ វឌ្ឍនភាពការងារជាចុងក្រោយ ត្រៀមឆ្ពោះរៀបចំព្រឹត្តិការណ៍នេះទទួលជោគជ័យ តាមការគ្រោងទុក។
គួរបញ្ជាក់ថា កិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា-វៀតណាម ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ លើកទី៥ ធ្វើឡើង នៅរសៀលថ្ងៃទី១៤ ខែឧសភានេះ រវាងនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ជាមួយនឹង ឧត្តមសេនីយ៍ឯកបម្រុង ហ័ង ស៊ុនចៀន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅសាលប្រជុំប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ ហ័រលឺ និងពិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនគោក កម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្ត្រីការពារជាតិ លើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ រវាង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅច្រកទ្វារអន្តរជាតិ ត្រពាំងស្រែ ហ័រលឺ កម្ពុជា-វៀតណាម ។ប្រភព÷ក្រសួងព័ត៏មាន