កោះកុង៖អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកោះកុង ដឹកនាំដោយលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យ និង អង្កេតស្រាវជ្រាវ ករណីកាប់រានដីព្រៃ ក្នុងតំបន់អភិរក្ស ក្នុងភូមិសាស្រ្ត ខេត្តកោះកុង ចំនួន៤ទីតាំង ផ្សេងគ្នា ។
តាមប្រភពព័ត៌មានច្បាស់ការណ៍ បានអោយដឹងថា ជាលទ្ធផល ពិតជាមានការលួចចូលដាំដុះ ផលដំណាំប្រភេទ តូចៗ ដូចជា ឫស្សី , ដើមចេក និង រុក្ខជាតិ ស្លរស្លុក មួយចំនួន លើដីដែលបានកាប់រានថ្មីៗ កន្លងមកនេះ ដោយជនមិនស្គាល់មុខ ។
ករណីនេះ អយ្យការអមសាលាដំបូងខេត្តកោះកុង នឹងចាត់ចែងស៊ើបអង្កេត បន្តទៀតលើករណីនេះ និង នៅលើទីតាំងស្រដៀងគ្នានេះ។ ប៉ុន្តែបញ្ហាប្រឈម គឺថា ទីតាំងដែលជនល្មើស ចូលរុករាន គឺ នៅខាងក្នុងព្រៃជ្រៅ ចន្លោះជើងភ្នំ គ្មានផ្លូវចូល និង អាចមានគ្រាប់មីនដែលមិនទាន់ផ្ទុះ ជាយថាហេតុ ។
ប្រភពព័ត៌មាន បន្តថា ការអនុញ្ញាតអោយមានអាជ្ញាធរមូលដ្ឋានចូលរួម ក្នុងដំណើរការអង្កេតនេះ គឺដើម្បីបន្លាច ឬ បង្អាក់ ដល់ភាពក្លាហានរបស់ជនខិលខូចមួយចំនួន ដែលកំពុងសម្ងំខ្លួន នៅក្នុងមូលដ្ឋានភូមិឃុំ ដែលនៅកៀកកិតនឹងទីតាំងរងការបំពាននេះ ៕