ហេតុការណ៍បាក់ដីនៅមីយ៉ាន់ម៉ាបានឆក់ជីវិតមនុស្សម្នាក់និង ៧០នាក់កំពុងបាត់ខ្លួន

54

មីយ៉ាន់ម៉ា៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការណ៍បាក់ស្រុតដីនៅតំបន់អណ្តូងរ៉ែមួយកន្លែងស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។ ក្រៅតែបានរកឃើញអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មានពលពលរដ្ឋចំនួន ២៥នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យ ខណៈគិតត្រឹមពេលនេះនៅមានពលរដ្ឋចំនួន ៧០នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។

បើតាមអាជ្ញាធរមីយ៉ាន់ម៉ាបានបញ្ជាក់ថា ហេតុការណ៍បាក់ដីនេះបានកើតឡើងនៅម៉ោង ៤ព្រឹកនៃថ្ងៃពុធ ទី ២២​​ ខែធ្នូនេះ ហើយប្រតិបត្តិការណ៍ជួយជនរងគ្រោះត្រូវបានចាប់ផ្តើមនៅម៉ោងប្រមាណជា ៧ព្រឹក ដោយអាជ្ញាធរបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះចំនួន ២០០នាក់។ ក្រុមអ្នកជួយសង្គ្រោះបានធ្វើការសន្និដ្ឋានថា ក្រុមពលរដ្ឋដែលបានបាត់ខ្លួនទាំង ៧០នាក់នោះទំនងជាគ្មានសង្ឃឹមនៅរស់មានជីវិតនោះទេ តែយ៉ាងណាក្តីក្រុមការងារអ្នកជួយសង្គ្រោះត្រូវរុករកពួកគាត់ឲ្យទាល់តែឃើញទោះជាពួកគាត់នៅរស់ឬស្លាប់ហើយក៏ដោយ៕