សម្តេចតេជោ ហ៊ុនសែន បានទទួលជួបពិភាក្សាការងារជាមួយ លោក ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី

40

សហរដ្ឋអាមេរិក ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក​ ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

សូមបញ្ជាក់ថា, វត្តមាននៃការអញ្ជើញទៅដល់រដ្ឋធានីវ៉ាសុីនតោន ឌី ស៊ី សហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក ដែលកំពុងរងចាំទទួលស្វាគមន៍វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅពីមុខសណ្ឋាគារស្នាក់អាស្រ័យ ក្នុងទីក្រុងវ៉ាសុីនតោន ឌីស៊ី សហរដ្ឋអាមេរិក។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវក្តីរំភើបរីករាយចំពោះវត្តមាន ជនរួមជាតិកម្ពុជាដ៏ច្រើនកុះករ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមករងចាំ និងទទួលស្វាគមន៍ចំពោះវត្តមានរបស់សម្តេច ក្នុងការអញ្ជើញមកកាន់រដ្ឋធានីវ៉ាសុីនតោន ឌីស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តិទៅចំខួបគម្រប់ ៤៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន សហរដ្ឋអាមេរិក។

បើទោះបីជាមានពេលវេលាខ្លី នៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍វត្តមាន នៃការអញ្ជើញមកដល់នោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាពលរដ្ឋដែលជាជនរួមជាតិកម្ពុជាទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត ទោះបីជាមកពីជិតឆ្ងាយបានមកចាំទទួល និងស្វាគមន៍សម្តេចដូចជាឪពុក ក្នុងមហាគ្រួសារខ្មែរតែមួយ។

សម្តេចតេជោមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋដែលមានវត្តមាននាពេលទទួលសម្តេចដោយផ្ទាល់ថា បើទោះជាសម្តេចមានកម្មវិធីដ៏មហាញឹកយ៉ាងណាក៏ដោយ ក៏សម្តេចជ្រើសរើសយកវេលាល្ងាចថ្ងៃទី១១ឧសភាស្អែក ដើម្បីធ្វើការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលជាជនរួមជាតិកម្ពុជាមកពីគ្រប់ទិសទី ក្នុងសហរដ្ឋអាមេរិកប្រមាណជា២ពាន់នាក់។

សម្តេចតេជោបន្តថា យើងនឹងជួបជុំគ្នានៅល្ងាចថ្ងៃស្អែកថ្ងៃទី១១ឧសភា សូមអញ្ជើញបងប្អូនជនរួមជាតិខ្មែរយើង អញ្ជើញចូលរួមក្នុងមហាគ្រួសារខ្មែរតែមួយ ។

ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក​ ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រុមការងាររបស់សម្តេចតេជោ មិនទាន់បញ្ជាក់ពីលទ្ធផលបែបណានៅឡើយ ៕