អាជីវកអ្នកលក់ដូរនៅម្តុំរង្វង់មូលគួរស្រូវ ផ្លូវជាតិលេខ២ ជួបជុំគ្នាសុំការអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ ខណៈម្ចាស់តូបប្រែប្រួលកិច្ចសន្យា,,,

76

ភ្នំពេញ ៖ បងប្អូនអាជីវករលក់ដូរនៅម្តុំរង្វង់មូលគួរស្រូវ ផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានមកជួបជុំគ្នាសុំការអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ ។តំណាងក្រុមអាជីវករប្រាប់ឱ្យដឹងថា បញ្ហានេះកើតមានរយៈពេលមួយខែទៅពីរមកហើយ ដើម្បីសូមឱ្យអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខណ្ឌដង្កោ មេត្តាជួយអន្តរាគមន៍ ដោយសារម្ចាស់តូបប្រែប្រួលនៃកិច្ចសន្យា ។

ក្រមអាជីវករលើកឡើងថា ការដែលពីពួកគាត់យល់ព្រមជួលតូបសម្រាប់លក់ដូរទំនិញគឺកាលពីដើមឡើយម្ចាស់ទីតាំងប្រាប់ថា ទីនោះនឹងត្រូវបង្កើតជាផ្សារ រង្វង់មូលគួរស្រូវ ប៉ុន្តែក្រោយពីទទួលបានលុយកាក់ជួលតូបរួចរាល់ហើយ ស្រាប់តែម្ចាស់ទីតាំងប្រែក្រលាស់ជា ទីតាំងជួលតូបបណ្តោះអាសន្នទៅវិញ ។

ដោយសារបញ្ហានេះ ទើបពួកគាត់ ជួបជុំគ្នា នៅក្នុងទីតាំងនោះ ដើម្បីសូមអោយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខណ្ឌដង្កោ មេត្តាជួយអន្តរាគមន៍ ដែលទាំងអស់មានតូបប្រមាណ ៦៧២តូប ។ជុំវិញព័ត៌មាននេះ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានអោយដឹងថា  រដ្ឋបាលខណ្ឌបានទទួលនូវពាក្យសុំអន្តរាគមន៍ របស់ពួកគាត់ហើយ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ ហើយក៏បានសំណូមពរអោយភាគីទាំងពីររក្សាភាពស្ងៀមស្ងាត់ និងរបៀបរៀបរយ ។ អាជ្ញាធរកំពុងពិនិត្យសំណុំឯកសារ និងផ្លូវច្បាប់ ដើម្បីសម្របសម្រួលនៅពេលខាងមុខ ៕