ឆ្លងចរន្តអគ្គិសនីឆេះផ្ទះវីឡាមួយនៅភូមិកំពង់សំណាញ់ ក្រុងតាខ្មៅ ប៉ុន្តែត្រូវបានលោកស្នងការខេត្តកណ្តាលបញ្ជាឲ្យកម្លាំងជំនាញចុះអន្តរាគមន៍ជួយពន្លត់បានទាន់ពេល(មានVideo)

34

កណ្តាល៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ផាន់ វណ្ណី នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងជំនាញពន្លត់អគ្គិភ័យនិងសង្គ្រោះចុះជួយអន្តរាគមន៍ពន្លត់ភ្លាមៗដោយមិនបង្អង់យូរឡើយ។

តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ផាន់ វណ្ណី នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានឲ្យ ភ្នាក់ងារ The Mirror news ដឹងនៅមិននេះបន្តិចថា ករណីអគ្គីភ័យភ្លើងឆេះផ្ទះមួយកន្លែងនេះ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅវេលាម៉ោង០៨:៤៥នាទី ព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២នេះ ដោយម្ចាស់ផ្ទះរងគ្រោះឈ្មោះ កែវ ស្រីទូច ភេទស្រី អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ។ ដោយមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។

លោកវរសេនីយ៍ឯកបន្តថា ករណីអគ្គិភ័យឆាបឆេះនេះ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន រួមមាន៖-ឆេះបន្ទប់គេងទំហំ០៤ម៉ែត្រ×០៦ម៉ែត្រ, -ទូរទស្សន៍ចំនួន០១, -ម៉ាស៊ីនត្រជាក់ចំនួន០១, -ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ចំនួន០១, -សាឡុងចំនួន០១ និងរបស់ប្រើប្រាស់មួយចំនួនទៀត ជាប្រភេទសំណង់ ផ្ទះវីឡា៣ជាន់ ទំហំ១០ម៉ែត្រx២០ម៉ែត្រ។ ប៉ុន្តែមិនបានបង្កឲ្យមានមនុស្សរងរបួសឬគ្រោះថ្នាក់ឡើយ។ កម្លាំងសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡានក៏គ្រប់គ្រងបាន៕