សម្តេចតេជោ ហ៊ុន សែន មន្ទីរពេទ្យហ្លួងម៉ែ នឹងប្រែក្លាយទៅជាមន្ទីរពេទ្យឯកទេសជំងឺ«មហារីក»

54

ភ្នំពេញ ​៖​ ថ្លែង​ក្នុង​ឱកាស​​ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម​ នៅព្រឹក​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានប្រកាសថា​៖​ មន្ទីរពេទ្យហ្លួងម៉ែ ដែលកំពុងឱ្យអ្នកជំងឺ សម្រាកព្យាបាលកូវីដ-១៩នោះ នឹងប្រែក្លាយទៅជាមន្ទីរពេទ្យឯកទេសជំងឺ«មហារីក» នៅពេលក្រោយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានរលាយរលត់ អស់អ្នកជំងឺកូវីដ-១៩ព្យាបាលនៅទីនោះ។

ជាមួយគ្នានេះ​ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះបរមរតនកោដ្ឋ បានយកទឹកព្រះទ័យទុកដាក់ខ្លាំងណាស់ លើការអប់រំ និងកីឡា​ ហេីយ​សម្តេចតេជោ ថ្លែងបញ្ជាក់ថា កម្ពុជា បានត្រៀមថវិកាប្រមាណ ១២០ពាន់លានរៀល ស្មើនឹងប្រមាណ៣០លានដុល្លារ សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់នៅឆ្នាំ២០២៣។

បន្ថែមពីនេះ​ សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា សម្តេចអាចកាន់តំណែងនាយករដ្ឋមន្ត្រីយ៉ាងច្រើន១០ឆ្នាំទៀតប៉ុណ្ណោះ​ ។ សម្តេចមានអារម្មណ៍ថា សម្តេចមានការហត់នឿយច្រើន តែសម្តេចមិននឿយណាយនឹងការហត់នឿយនេះឡើយ។​ សម្តេចតេជោ ក៏បានណែនាំដល់ប្រតិភូ និងកីឡាករ ឱ្យយកចិត្តទុកដាក់ថែទាំសុខភាព និងស្តាប់ការណែនាំរបស់គ្រូពេទ្យ។ សម្តេចតេជោ ហ៊ុន សែន ណែនាំប្រតិភូ និងកីឡាករពាក់ម៉ាសឱ្យបានខ្ជាប់ខ្ជួន ពេលទៅប្រកួតនៅវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំកីឡាករ និងកីឡាការិនីសូមកុំភ្លេចថា មានពលរដ្ឋខ្មែរប្រមាណ ១៧លាននាក់នៅពីក្រោយពួកគេទាំងឈ្នះ និងចាញ់។ ដូច្នេះមិនត្រូវធ្វើអ្វី ដែលនាំឱ្យប៉ះពាល់កិត្តិយសជាតិនោះឡើយ៕