ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា តាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា ជុំវិញរាជធានីភ្នំពេញ…

51

នាព្រឹកថ្ងៃ២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា តាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា ជុំវិញរាជធានីភ្នំពេញ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីជួបជុំប្រកបដោយអត្ថន័យ និងភាពសប្បាយរីករាយ ក្នុងលក្ខណៈជាមហាគ្រួសារដ៏ធំមួយជាមួយនឹងសមាជិក សមាជិកាជាង ៣,៥០០ អញ្ជើញមកពីគ្រឹះស្ថានសិក្សាក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងបរិបទក្រោយពេលដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ទើបបានសម្រេចលើកលែងកាតព្វកិច្ចការពាក់ម៉ាស់នៅតាមកន្លែងទីសាធារណៈជាទីលំហ ឬកន្លែងដែលមានចរន្តខ្យល់ចេញចូលល្អ នៅទូទាំងប្រទេស រួមជាមួយនឹងការបន្តជំរុញការចូលរួមយុទ្ធនាការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដូសជម្រុញឱ្យបានគ្រប់ៗគ្នា ក្នុងគោលដៅដើម្បីបន្តធានានូវនិរន្តភាពនៃបង្កើនភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ។ ទាំងអស់នេះ ក៏បានបង្ហាញផងដែរអំពីការវិវត្តវិជ្ជមានប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់នៃស្ថានការណ៍គ្រប់គ្រងការរីករាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា លោកគ្រូអ្នកគ្រូ គឺជាមូលធនមនុស្សដ៏សំខាន់បំផុត ដែលសំបូរហូរហៀរទៅដោយបណ្តុំគំនិត ចំណេះដឹង និងគុណធម៌ប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ និងគឺជាអ្នកដើរតួនាទីស្នូលក្នុងការបណ្តុះបណ្តាលធនធានមនុស្សតាំងពីកុមាររហូតដល់ធំពេញវ័យ តាមរយៈការបង្ហាត់បង្រៀនបណ្តុះសមត្ថភាព និងការចែករំលែកចំណេះវិជ្ជា រួមជាមួយការអប់រំផ្នែកសីលធម៌ គុណធម៌ដល់ប្អូនៗក្មួយៗជាទំពាំងស្នងប្ញស្សីឱ្យក្លាយទៅជាសិស្សល្អនៅក្នុងសាលារៀន ជាកូនល្អនៅក្នុងគ្រួសារ និងជាពលរដ្ឋល្អដែលមានមហិច្ឆិតាចង់បានការអភិវឌ្ឍចំណេះដឹង និងការរីកចម្រើនជឿនលឿនរបស់សង្គមជាតិ។ នៅពេលយើងសំបូរដោយធនធានមនុស្សខ្លាំង នោះប្រទេសជាតិយើងនឹងខ្លាំង និងប្រកបដោយភាពម្ចាស់ការរឹងមាំលើគ្រប់វិស័យ។

ឯកឧត្តម ហ៊ុន ម៉ាណែត បាបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលបានដឹកនាំកសាង និងអភិវឌ្ឍប្រទេស សម្រេចសមិទ្ធផលធំៗច្រើនជាងគេបំផុត ដោយឈរលើគោលការណ៍ “អ្វីៗដើម្បីបុព្វហេតុជាតិមាតុភូមិ”។ សមិទ្ធផលទាំងអស់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនបានកើតមានឡើងដោយចៃដន្យនោះទេ។ ជាក់ស្តែងណាស់ គឺជាផ្លែផ្កានៃកត្តាអ្នកដឹកនាំ ដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងបុព្វហេតុបម្រើប្រជាពលរដ្ឋ, គិតគូរដល់ប្រយោជន៍ជាតិជាធំ និងដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានជីវភាពរស់នៅថ្លៃថ្នូរ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសរំលេចថា “ការវិនិយោគលើគ្រូបង្រៀន គឺដើម្បីធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនរឹងមាំ និងម្ចាស់ការ”។ ស្របនឹងទស្សនវិស័យនេះ គណបក្សប្រជាជនកម្ពុជាបានគិតគូរយកចិត្តទុកដាក់ខ្ពស់ និងចាត់វិស័យអប់រំជាវិស័យស្នូលចម្បងមួយនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស ហើយគោលនយោបាយដែលបានដាក់ចេញកន្លងមក គឺតែងបានផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅ និងការលើកទឹកចិត្តតាមរយៈការផ្តល់នូវអត្ថប្រយោជន៍ផ្នែកសុខមាលភាពសង្គមផ្សេងៗជាប់ជាប្រចាំចំពោះលោកគ្រូអ្នកគ្រូ ដែលត្រូវមានអម្រែកក្នុងការបន្តខិតខំពង្រឹង និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីចែករំលែកដល់សិស្សានុសិស្ស៕ប្រភព÷ក្រសួងព័ត៏មាន