ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន ប្រកាសពីគម្រោងចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទី៥ ដល់មន្ត្រីជួរមុខ បន្ទាប់ពីសម្តេចទទូចដល់បងប្អូនជនរួមជាតិ ដែលទទួលដូសទី១ បន្តទៅទទួលដូសទី២ និងដល់វេនទៅបន្តដូសទី៣ អោយបានគ្រប់ៗគ្នា ។
សម្តេចមិនចាត់ទុកថា, នេះមិនមែនជាច្បាប់ ជាការបង្ខំ ការផាកពិន័យ វិធានការរដ្ឋបាល ឬដាក់ទណ្ឌកម្មអ្វីនោះឡើយ ប៉ុន្តែវាកាតព្វកិច្ច សម្រាប់សុខុមាភាព សុខភាព អាយុជីវិតបងប្អូន និងក្រុមគ្រួសារ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងលើកឡើងថា, នៅសល់បងប្អូនជនរួមជាតិប្រមាណជា៦លាន និង៤សែននាក់ទៀត ដែលមិនទាន់បានទទួលដូសទី៣ ។
សម្តេចតេជោ បានថ្លែងបែបនេះ តាមរយៈសារពិសេស ដែលទទួលបាននៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ។
សម្ដេចចាត់ទុកថា, គឺជាការអំពាវនាវ ដើម្បីឲ្យមានភាពសុំាក្នុងសហគមន៍ និងមានការរឹងមាំ បន្ទាប់ពីការដោះម៉ាសនេះ គឺវ៉ាក់សាំង ជំនួសម៉ាសទាំងស្រុង ។
ដូច្នេះបងប្អូនដែលមិនទាន់បានមកទទួលដូសទី៣ សូមអញ្ជើញមកទទួលដូសទី៣ ហើយបើត្រូវទទួលដូសទី៤ មកទទួលដូសទី៤ និងត្រៀមបម្រុងសម្រាប់ដូសទី៥ សម្រាប់ចាក់មន្ត្រីជួរមុខរបស់យើង។
សម្ដេចសូមអបអរសាទរ និងថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលខ្ញុំគ្រាកន្លងទៅបានចូលរួមយ៉ាងសកម្ម គាំទ្រទៅដល់រាជរដ្ឋាភិបាល វិធានការ ទាំងឡាយដែលរាជរដ្ឋាភិបាលដាក់ចេញ តាមរយៈក្រសួងសុខាភិបាលក្តី តាមរយៈអាជ្ញាធរថ្នាក់ក្រោមជាតិក្តី តាមរយៈសារសំឡេងខ្ញុំជូនបងប្អូនប្រជាពលរដ្ឋក្តី ។
ដោយសារតែកិច្ចសហប្រតិបត្តិការនិងការចូលរួមរបស់ប្រជាពលរដ្ឋនេះហើយ ដែលធ្វើឲ្យប្រទេសយើងមានភាពធូរស្រាល ថ្ងៃនេះនៅទូទាំងប្រទេសមានអ្នកឆ្លងជំងឺ covid-19 ត្រឹមតែពីរនាក់ប៉ុណ្ណោះ ដែលជាព្រឹត្តិការណ៍មិនធ្លាប់មាន ហើយជាលើកដំបូង ក្នុងប្រវត្តិជាង ១ ឆ្នាំ នៅក្នុងរាជធានីភ្នំពេញពុំមានឆ្លងនោះទេ សម្រាប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កាលពីម្សិលមិញ។
នេះគឺជារឿងដែលគួរឲ្យត្រេកអរ ជាមួយនឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់ស្ថាប័នមានសមត្ថកិច្ច ជាពិសេសក្រុមគ្រូពេទ្យ ក៏ដូចជាផ្នែកពាក់ព័ន្ធនានា ដែលបានចូលរួមអនុវត្តនូវវិធានការទាំងនេះ។
សម្តេចតេជោថ្លែងថា, នៅលើពិភពលោកនេះកូវីដពុំទាន់អស់នៅឡើយទេ បន្ថែមទៅដោយកូវីដប្រភេទថ្មីៗ កើតឡើងដែល អង្គការសុខភាពពិភពលោកបានប្រកាស នូវប្រភេទ ៣ ផ្សេងទៀត ។
ប្រសិនបើប្រភេទបីទាំងនេះវាកើតសាហាវ រាជរដ្ឋាភិបាល គាត់ត្រូវមានវិធានការដាក់ ឱ្យពាក់ម៉ាសឡើងវិញ ឬក៏តម្រូវឲ្យមានការធ្វើអ្វី ដើម្បីការពារនូវសុខភាព របស់បងប្អូនជនរួមជាតិ ចាំបាច់។
វិស័យសុខាភិបាលត្រូវតែតាមបានឱ្យបានម៉ត់ចត់ និងត្រៀមបម្រុងកម្លាំងប្រតិកម្មរហ័ស ដើម្បីឆ្លើយតបជាមួយនឹងសភាពការណ៍ ដែលកើតឡើងបន្ទាប់ដែលកាលពីយើង ដោះកាតព្វកិច្ចនៃការពាក់ម៉ាសនេះចេញ។
សម្ដេចមានប្រសាសន៍លើកឡើងថា, ការដកការពាក់ម៉ាសការបង្កបរិយាកាសឲ្យបងប្អូនប្រជាពលរដ្ឋសប្បាយរីករាយ របស់យើង ។
ហើយក៏ជាការបង្វែរ ពីការចំណាយប្រាក់ទិញម៉ាស មកទិញម្ហូបអាហារ សំលៀកបំពាក់ ដល់កូនចៅ និងសន្សំប្រាក់កាសនោះ ប្រើប្រាស់ទៅលើគោលដៅផ្សេង។
សូមបញ្ជាក់ថា,សម្តេចបានសម្រេចផ្ដល់សិទ្ធិក្នុងការមិនពាក់ម៉ាសនៅទូទាំងក្របខ័ណ្ឌទូទាំងប្រទេស លើកលែងតែកន្លែងបិទជិត ឬអគារប្រជុំ រោងភាពយន្ត ដែលមានម៉ាស៊ីនត្រជាក់ជាដើម ។
សូមជម្រាបថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៨៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,២៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,១៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៦,៧៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៥៦,២២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩៣,១២% ៕