ខេត្តកំពង់ឆ្នាំង÷ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ មន្ត្រីរាជការ.កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ស្នើសុំ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU)មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវករណីការបាត់បង់ផ្ទៃដីទំហំ៨០០ម៉ែត្រការ៉េជាដីចំណតរថយន្ត ជិតកំពង់ផែមាត់ទន្លេផ្សារក្រោម បើលក់ក្នុងពេលបច្ចុប្បន្នគិតជាទឹកប្រាក់ខ្ទង់ជាង២០ ម៉ឺនដុល្លារ(សហរដ្ឋអាមេរិក)។
បើយោងតាមប្រភពមួយសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់សារព័ត៌មានយើងថា÷
ទីតាំងដី ចំណតរថយន្ត នេះស្ថិតនៅក្នុងភូមិទី៧ សង្កាត់ ខ្សាម ក្រុង កំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង ដែលមានទំហំសរុបចំនួន ២០០០ ម៉ែត្រការ៉េ ដីនេះគឺក្រុមហ៊ុន ចុងលៀង ជាអ្នកផ្ដល់ជូនមកអាជ្ញាធរខេត្តកំពង់ឆ្នាំងក្នុងរជ្ជកាលលោក ឈួរ ច័ន្ទឌឿន ធ្វើជាចៅហ្វាយខេត្ត ដើម្បីទុករៀបចំធ្វើចំណត់រថយន្តកំពង់ផែមាត់ទន្លេផ្សារក្រោម តាមការស្នើសុំដែលមានផ្ទៃដីទំហំ២០០០ម៉ែត្រការ៉េ ទទឹង ៤០ម×បណ្ដោយ៥០ម។
ក្រោយពីក្រុមហ៊ុន ចុង លៀង បានប្រគល់ទីតាំងដីនោះ ជូនមកអាជ្ញាធរខេត្តកំពង់ឆ្នាំងរួចហើយ អាជ្ញាធរខេត្តក៏បានប្រជុំធ្វើកំណត់ហេតុត្រឹមត្រូវដែលមានមន្ទីរសាធារណការនិងដឹកជញ្ជូន/មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ /មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ព្រមទាំងសមត្ថកិច្ចនិងអាជ្ញាធរដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំងធ្វើកំណត់ហេតុដឹងឰថែមទៀតផង។
លុះរហូតមកដល់ពេលបច្ចុប្បន្នទីតាំងដីចំណតរថយន្តខាងលើនេះត្រូវបាន រួមស្វិត នៅសល់ត្រឹមតែ ១២០០ម៉ែត្រការ៉េតែប៉ុណ្ណោះ។
បើតាមប្រភពមួយទៀតបានបង្ហើបឲ្យដឹងថាទីតាំងដីចំណត់រថយន្តនេះត្រូវបានមនុស្សមួយក្រុម ជាសាច់ញាតិនិងគ្នា ក្នុងខេត្តកំពង់ឆ្នាំង លួចឃុបឃិតគ្នាលក់ទៅឲ្យបុគ្គលម្នាក់ក្នុងតម្លៃប្រមាណ ១៦ ម៉ឺនដុល្លារ(សហរដ្ឋអាមេរិក) តម្លៃនេះគិតតាំងពី៥ឆ្នាំមុនមកម្លេះប្រសិនបើតម្លៃទីផ្សារបច្ចុប្បន្នមិនក្រោម ២០ ម៉ឺនដុល្លារជាងនោះទេ។
ចំណុចត្រង់នេះប្រជាពលរដ្ឋសួរថាដីតំបន់ 2 គ្មានអនុបយោគទេ ហេតុអី្វបានមន្ទីសូរិយោដីខេត្តកំពង់ឆ្នាំងចេញប្លង់កម្មសិទ្ធិបាន…?
ជុំវិញការបាត់បង់ដីសាធារណៈរបស់រដ្ឋខាងលើនេះវាជារឿងដដែលៗ សម្រាប់ខេត្តកំពង់ឆ្នាំង តែទោះជាយ៉ាងណាមន្ត្រីរាជការ.កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ សំណូមពរឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង ឯកឧត្តម បណ្ឌិត ឱមយិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាស៊ើបអង្កេតវែកមុខអ្នកដែលបានលួចឃុបឃិតគ្នាលក់ដីចំណតរថយន្តខាងលើនេះឱ្យឃើញដើម្បីដកហូតយកមកធ្វើជាទ្រព្យសម្បត្តិជាតិវិញ៕