នេះជាការលើកឡើងរបស់ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល ក្នុងការចុះពិនិត្យមើលផ្ទាល់ រួមនឹងការវាយតម្លៃ ស្ដីពីការបញ្ឈប់ ការបន្ទោរបង់ពាសវាលពាសកាល ODF ថ្នាក់ស្រុក ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។
ឯកឧត្តម នុត ពុធតារា អភិបាលរងខេត្តកណ្តាល បានបបន្តថា ស្រុកខ្សាច់កណ្ដាលទទួលបាន ODF ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងអភិវឌ្ឍនិ៍ជនបទ ដោយប្រជាពលរដ្ឋ ក្នុងស្រុកខ្សាច់កណ្ដាល មានការយល់ដឹងពីសុខភាព អនាម័យខ្ពស់ និងបានបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ឬតាមទីសាធារណៈផ្សែងៗ ងាកមកការប្រើប្រាស់បង្គន់អនាម័យវិញបាន ១០០% ហើយគ្មានការបន្ទោរបង់ពាសវាលពាសកាល គ្រប់ក្រុមគ្រួសារទាំងអស់បានទុកដាក់លាមកកុមារទៅក្នុងបង្គន់អនាម័យខ្លួនឯក ឫបង្គន់អនាម័យរួម ហើយសហគមន៍របស់ស្រុកបានផ្ដួចផ្ដើម និងពង្រឹងការអនុវត្តសកម្មភាពទាំងផ្លូវការឫមិនផ្លូវការក្នុងការទប់ស្កាត់ ទៅនឹងការបន្ទោបង់ពាសវាលពាសកាលផងដែរ។
ឯកឧត្ដមអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរ និងមន្រី្តរដ្ឋបាល ទាំងរដ្ឋបាលភូមិ-ឃុំ ត្រូវតែបន្តសកម្មភាពបំផុស និងពិនិត្យមើលបន្ថែមទៀត លើបញ្ហាប្រជាពលរដ្ឋដែលរស់នៅតាមផ្ទះលើទឹក និងប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពសាងសង់បង្គន់អនាម័យ ត្រូវរកដៃគូ ឬរកជំនួយពីអង្គការនានា ដើម្បីចូលរួមសហការណ៍កសាងបង្គន់ជូនពួកគាត់ ដើម្បីកាត់បន្ថយការបន្ទារបង់ពាសវាលពាសកាលបានកាន់តែល្អប្រសើរបន្ថែមទៀត។
លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឱ្យដឹងដែរថា ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានទទួលការសម្រេចបាននូវ ការបញ្ឈប់ ការបន្ទារបង់ពាសវាលពាសកាល ODF ១០០% មានចំនួន ៩៣ ភូមិ ស្មើនឹង ៣០,២៤១ ខ្នងផ្ទះដែលបានប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន២៩,៥៤២ នឹងបានប្រើប្រាស់រួមគ្នាចំនួន៦១១ សរុប ៣០,១៥៣៕