ភ្នំពេញ÷នៅថ្ងៃ២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការសិក្សា កំណត់ និងរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ស្ថិតនៅក្នុងឃុំជើងភ្នំ និងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែនិងថាមពល ក្រសួងទេសចរណ៍ និងតំណាងរដ្ឋបាលខេត្តព្រៃវែង។
មតិរួមរបស់អន្តរក្រសួងបានគាំទ្រចំពោះការសិក្សា កំណត់ និងរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ដែលជាទីតាំងដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃ នគរគោកធ្លក ឬ នគរភ្នំ ដើមកំណើតទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
អង្គប្រជុំបានឯកភាពជូនក្រុមការងារអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធចុះពិនិត្យ សិក្សាចុងក្រោយលើទីតាំងជាក់ស្ដែង និងកំណត់តំបន់គ្រប់គ្រង ព្រមទាំងដោះស្រាយផលប៉ះពាល់នានា មុននឹងក្រសួងបរិស្ថាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល លើការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ៕