ភ្នំពេញ៖លោក លី ស៊ីឌឿន នាយកប្រតិបត្តិក្រុមហ៊ុន A.B.S.D ខនស្ត្រាក់សិន រកស៊ីខាងទទួលការសាងសង់សំណង់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្តពិសេសដោយអភិបាលឬបុគ្គលផ្សេងទៀត ទឹកប្រាក់ជាង៤០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ ។
តាមប្រភពព័ត៌មានដែល ទើបទទួលបាន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នេះ បានអោយដឹងថា លោក លី ស៊ីឌឿន ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នហើយនៅពន្ធនាគាររាជធានីភ្នំពេញ ឬ ហៅថាប៉េហ្ស៊ី ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។ ប៉ុន្តែថ្មីៗនេះលេចឮព័ត៌មានថា លោក លី ស៊ីឌឿន បានដាក់ពាក្យសុំនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈមិនទាន់បានដោះស្រាយ បញ្ចប់ជាមួយភាគីដើមបណ្ដឹងនៅឡើយនោះទេ ហើយដើមបណ្ដឹងសង្ឃឹមថាតុលាការនឹងមិនអនុញ្ញាតឲ្យលោក លី ស៊ីឌឿន នៅក្រៅឃុំនោះឡើយ ។
ប្រភពព័ត៌មានបន្តទៀតថា លោក លី ស៊ីឌឿន នាយកប្រតិបត្តិក្រុមហ៊ុន A.B.S.D ខនស្ត្រាក់សិន បានសហការរកស៊ីជាមួយដៃគូភាគហ៊ុនមួយចំនួនទៀត កាលពីអំឡុងឆ្នាំ២០១៨ ។ ប៉ុន្តែលោក លី ស៊ីឌឿន មានគំនិតទុច្ចរិតដោយធ្វើការកិបកេងប្រាក់ក្រុមហ៊ុនជាបន្តបន្ទាប់ដែលសរុបទឹកប្រាក់ជាង៤០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទើបត្រូវបានដៃគូភាគហ៊ុនប្ដឹងមកតុលាការ ហើយតុលាការបានចេញដីកាកោះហៅលោកលី ស៊ីឌឿន ឲ្យចូលបំភ្លឺជាបន្តបន្ទាប់ ។ ប៉ុន្តែលោក លី ស៊ីឌឿន មិនព្រមចូលបំភ្លឺតាមកាលកំណត់ឡើយ ទើបតុលាការសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតែម្ដង ។
នៅពេលនេះលោក លី ស៊ីឌឿន កំពុងជាប់ពន្ធនាគាររាជធានីភ្នំពេញឬប៉េហ្ស៊ី ហើយបានដាក់ពាក្យសុំនៅក្រៅឃុំបណ្ដោះអាសន្នហើយ តែករណីនេះដើមបណ្ដឹងសង្ឃឹមថាតុលាការនឹងមិនអនុញ្ញាតឲ្យលោក លី ស៊ីឌឿន នៅក្រៅឃុំទេ ខណៈដែលលោកលី ស៊ីឌឿន មិនទាន់បានសងសំណងឬការខូចខាតណាមួយដល់ដើមបណ្ដឹងឡើយ ៕