ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់សូមជួយពន្លឿនក្នុងការស្ថាបនាផ្លូវ១ខ្សែនេះផងព្រោះថារដូវវស្សាក៏ជិតឈានមកដល់ដែរហើយ!!!

43

(ខេត្តបន្ទាយមានជ័យ)÷ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិមិត្តភាព បានស្នើរ សុំឲ្យអាជ្ញាធរ សង្កាត់ និង ក្រុងប៉ោយប៉ែត មេត្តាជួយចុះពិនិត្យ និងជួសជុលផ្លូវលំមួយខ្សែនេះផង ដើម្បីងាយស្រួលក្នុងការធ្វើណើរ ព្រោះថា អោយតែមានភ្លៀងធ្លាក់ ជាពិសេស រដូវវស្សា សូម្បីតែជិះកង់ ឬម៉ូតូ ក៏ពិបាកធ្វើដំណើរដែរ។

ប្រជាពលរដ្ឋ បង្ហើបប្រាប់អ្នកសារព័ត៌មានថា កន្លងមកបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ទាំងអស់តែងតែគៀងគរគ្នា ប្រមូលថវិកា ដើម្បីទិញដីចាក់ផ្លូវ ជាមួយខាងអាជ្ញាធរភូមិ ជាអ្នកសម្របសម្រួល ប៉ុន្តែ ដោយសារ មានវិបត្តិកូវីដ ពួកគាត់គ្មានលទ្ធភាពរកប្រាក់ចំណូល ដើម្បី រកថវិកា មកទិញដីចាក់ផ្លូវនោះទៀតទេ ដូច្នេះទើបស្នើសុំឲ្យអាជ្ញាធរ ជួយសម្រួលចំពោះបញ្ហា ខាងលើនេះផង ព្រោះកន្លងមកនៅ ចំណុចភូមិមិត្តភាពនេះ ទីតាំងខ្លះ ក៏ទទួលបានផ្លូវល្អ ជាបេតុងហើយដែរ ទីតាំងខ្លះទៀត ក៏ពុំបានទទួលផ្លូវល្អ សំរាប់ការធ្វើដំណើរនោះទេ ជាក់ស្តែងនៅ ត្រង់ចំណុចផ្លូវលំនេះតែម្តង។

ពាក់ព័ន្ធនិងការលើកឡើង របស់បងប្អូនប្រជាពលរដ្ឋ អំពីបញ្ហាប្រឈមខាងលើនេះ លោកចៅសង្កាត់ប៉ោយប៉ែត បានប្រាប់អ្នកសារព័ត៌មានថា ផ្លូវដែលខូចទាំងអស់នោះ កំពុងជួសជុល និងធ្វើរាល់ថ្ងៃហើយ ។

ចំណែកលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត វិញ បានប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ថា ផ្លូវលំមួយខ្សែខាងលើនេះ ក្រុមការងារសាលាសង្កាត់ប៉ោយប៉ែត្របានត្រៀមថ្មមិច ដើម្បីយកទៅចាក់ដែរម្សិលម៉ិញ តែដោយសារមានភ្លៀងធ្លាក់ខ្លាំងពេក ទើបអខានមិនបានចាក់។ លោក បានបញ្ជាក់បន្ថែមថា រដ្ឋបាលក្រុងប៉ោយប៉ែត មានគំរោងធ្វើគ្រប់ផ្លូវទាំងអស់នៅ ក្នុងមូលដ្ឋានក្រុង ឲ្យតែមានបងប្អូនប្រជាពលរដ្ឋ លោករស់នៅ។

ពាក់ព័ន្ធបញ្ហាខាងលើនេះបងប្អូនប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់សូមជួយពន្លឿនក្នុងការស្ថាបនាផ្លូវនេះផងព្រោះថារដូវវស្សាក៏ជិតឈានមកដល់ដែរ៕