ខេត្តតាកែវ ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធអគារសិក្សា ១ ខ្នង និងផ្លូវបេតុង ១ ខ្សែ ក្នុងវិទ្យាល័យ សុខអាន ដូងខ្ពស់បូរីជលសារ ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានផ្តល់អាទិភាពដល់វិស័យអប់រំ ហើយក៏នឹងបន្តខិតខំអភិវឌ្ឍវិស័យនេះជាមួយនឹងចក្ខុវិស័យច្បាស់លាស់ និងការសំលឹងទៅអនាគតមួយដ៏ភ្លឺត្រចះត្រចង់ ដើម្បីបង្កើតឱកាសសិក្សារៀនសូត្រឱ្យបានទូលំទូលាយ និងប្រកបដោយគុណភាព សំដៅធានាបាននូវការរីកចម្រើនរុងរឿងជូនសង្គមគ្រួសារ និងប្រទេសជាតិ។
យ៉ាងណាមិញ មូលដ្ឋានគ្រឹះចម្បងនៃដំណើផ្លូវនេះ គឺការថែរក្សាឱ្យបានដាច់ខាតនូវសុខសនិ្តភាព ដែលជាកត្តាគ្រប់ដណ្តប់ចម្បងបំផុត ដើម្បីធានាបាននូវក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ។
ឯកឧត្តម បានអបអរសាទរចំពោះសមិទ្ធផលដែលបន្តកើតមានក្នុងការសាលារៀន ដែលមានអាយុកាលជាង៣០ ឆ្នាំមួយនេះ ក្រោមកម្លាំងសាមគ្គីធម៌របស់សប្បុរសជនជិតឆ្ងាយ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅក្នុងស្រុកបូរីជលសារ ក៏ដូចជាក្នុងខេត្តតាកែវ និងនៅទូទាំងប្រទេស។
ជាមួយគ្នានេះ ក៏សូមសម្តែងនូវការរឭកនឹកគុណ និងឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធរបស់ សម្តេចវិបុលបញ្ញា សុខ អាន ដែលបានខិតខំជួយកសាងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់លើគ្រប់វិស័យ នៅក្នុងមូលដ្ឋានខេត្តតាកែវ សម្រាប់បន្សល់ទុកជាកេរដំណែលដល់ជំនាន់ក្រោយៗទៀត។
ឯកឧត្តម បានថ្លែងបន្តថា ឱកាសនៃការជួបជុំគ្នាប្រកបដោយភាពសប្បាយរីករាយនាពេលនេះ ជាពិសេសស្របពេលដែលប្រជាជនទូទាំងប្រទេសទើបបានកំសាន្តសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលត្រូវបានប្រារព្ធទ្បើងយ៉ាងអាធិកអាធមដោយទំនុកចិត្តខ្ពស់ និងមិនមានការភ័យខ្លាច គឺខុសពីកាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ ដោយក្នុងកាលៈទេសៈនោះប្រជាពលរដ្ឋកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោកកំពុងជាប់មមាញឹកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលគួរឱ្យព្រួយបារម្ភនៃជំងឺកូវីដ-១៩។ ការគ្រប់គ្រងស្ថានការណ៍ប្រកបដោយជោគជ័យនេះ មិនបានកើតទ្បើងដោយចៃដន្យនោះទេ។
ជាក់ស្តែងណាស់ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់ សម្តេចតេជា នាយករដ្ឋមន្ត្រី ក៏ដូចជាមន្ត្រីរាជការ កងទ័ពអាវស និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយនឹងប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយវិញគ្នាជាធ្លុងមហាសាមគ្គីប្រយុទ្ធក្នុងសង្គ្រាមមេរោគរាតត្បាតដ៏តឹងតែងមួយនេះ រហូតនាំកម្ពុជាឱ្យឈរចំណាត់ថ្នាក់ខ្ពស់ក្នុងពិភពលោក ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្តារខ្លួនងើបចេញពីជំងឺ Covid-១៩។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណគុណចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ រួមទាំងអ្នកបូរីជលសារនេះផ្ទាល់ ដែលតែងជឿជាក់លើរាជរដ្ឋាភិបាល និងការចូលរួមក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្តេចតេជោ ដែលជាមេដឹកនាំប្រកបដោយធម៌ ព្រមជាមួយនឹងសមត្ថភាព ស្នាដៃ និងបទពិសោធន៍យ៉ាងច្រើនលើសលប់ នៅក្នុងការដឹកនាំប្រកបដោយការទទួលខុសត្រូវ ម៉ឺងម៉ាត់ទាំងក្នុងដំណាក់កាលជួបគ្រោះវិបត្តិ និងនៅក្នុងកិច្ចការកសាង និងអភិវឌ្ឍជាតិឱ្យរុងរឿងថ្កើងថ្កានទៅមុខ៕