ក្រសួងសុខាភិបាល បើមានអាការៈសង្ស័យជំងឺកូវីដ-១៩ ក្រោយពិធីបុណ្យចូលឆ្នាំប្រញាប់ធ្វើតេស្តរហ័ស

25

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលត្រឡប់មកពីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពីតាមបណ្ដាខេត្តនានាប្រសិនបើសង្ស័យមានអាការៈជំងឺកូវីដ១៩សូមប្រញាប់ធ្វើតេស្តរហ័ស។

យ៉ាងណាក៏ដោយក្រសួងសុខាភិបាលហាក់ដូចជាមានសុទិដ្ឋិនិយមនៅ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះមើលទៅហានិភ័យអំពីជំងឺកូវីដ-១៩មានតិចតួច។

ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មន្រ្តីជំនាញ នៃក្រសួងសុខាភិបាល បានបន្តក្រើនរម្លឹក ប្រជាពលរដ្ឋ ដែលសង្ស័យឆ្លងជំងឺកូវីដ-១៩ ត្រូវរួសរាន់ធ្វើតេស្តរហ័ស ដើម្បីការពារការចម្លងជំងឺទៅក្រុមគ្រួសារ និងអ្នកជុំវិញ។

បើមានការសង្ស័យណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ត្រូវប្រញាប់ត្រូវធ្វើតេស្តរហ័សដើម្បីកុំឲ្យជំងឺនេះឆ្លងទៅអ្នកដទៃទៀត។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមេសានេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល មិនទាន់​អាច​វាយតម្លៃ​ពី​ស្ថានភាព​ជំងឺកូវីដ-១៩ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីនោះទេ ​គឺរង់ចាំពីរសប្តាហ៍ទៀត។

ការមិនទាន់វាយតម្លៃបាននៅពេលនេះ គឺដោយសារប្រជាពលរដ្ឋ បើពួកគេឈឺតែមិនរាយការណ៍ ក៏មិនដឹងតែបើពួកគេធ្វើតេស្តទើបអាចដឹងបាន។ យ៉ាងណាក៏ ដោយនៅក្នុងឱកាសនេះក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋដែលសង្ស័យមានអាការៈជំងឺកូវីដ១៩ សូមប្រញាប់ទៅធ្វើតេស្តរហ័សឲ្យបានទាន់ពេលវេលា។

លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋ ​បើសង្ស័យឆ្លងជំងឺកូវីដ-១៩ ​ត្រូវធ្វើតេស្ត រហ័សហើយនៅដោយឡែក ​ដើម្បីកុំឱ្យមានការចម្លងបន្តទៅក្រុមគ្រួសារ​ និងអ្នកដទៃ និង​ត្រូវរាយ​ការណ៍ ​ជូនអាជ្ញាធរមូលដ្ឋាន​ ឬក្រុមគ្រូពេទ្យ។​ បើវិជ្ជមានមិនធ្ងន់ធ្ងរ ថែទាំព្យាបាលខ្លួនឯង​នៅ​ផ្ទះឱ្យបានត្រឹមត្រូវ។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩បាន ​ដោយប្រើប្រាស់យុទ្ធ សាស្រ្ត​ចាក់​ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុពី៣ឆ្នាំឡើង។

សម្រាប់ពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំង ចាប់ពីដូសទី១ ដល់៤ អាចទៅចាក់បាន នៅទីតាំង​សុខាភិបាល​សាធារណៈ ឫទីតាំងដែលរៀបចំ​ ដោយអាជ្ញាធរមូលដ្ឋាន។ ​

នៅឆ្នាំ២០២២ កម្ពុជា មាន​វ៉ាក់សាំងគ្រប់គ្រាន់ ​សម្រាប់ចាក់ជូនពលរដ្ឋអាយុ​ ចាប់ពីបីឆ្នាំឡើង។ នេះបើតាម​ការឱ្យ​ដឹង​ពី​មន្រ្តី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល៕