ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៤ និង០០នាទីរសៀល បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បប់ (ជល់មាន់ និងអាប៉ោងភ្នាល់ដាក់ប្រាក់) នៅចំណុចព្រៃឬស្សី ស្ថិតនៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
សូមបញ្ជាក់ថា, សមត្ថកិច្ចបានចុះបង្ក្រាបស្ទើរតែគ្រប់ស្រុក ប៉ុន្តែក្រុមអ្នកញៀនល្បែង នៅតែបន្តលួចលេង តាមព្រៃ តាមភូមិ សប្បាយស្រែកហ៊ោកញ្ច្រៀវ ។ ទីបំផុតពួកគេ មិនត្រឹមតែត្រូវបានឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធីប៉ុណ្ណោះទេ។
ក្រុមអ្នកញៀនល្បែងទាំងនេះ បានធ្វើឱ្យបាត់បង់នូវទ្រព្យសម្បត្តិដែលខំរក បែកបាក់ក្រុមគ្រួសារ ឈ្លោះទាស់ទែងគ្នា បង្កើតហិង្សាក្នុងគ្រួសារ ជំពាក់ខ្ចីបុលអ្នកដទៃ ធានាគារ សុទ្ធតែជាអំពើមិនគប្បីក្នុងសង្គម។
សូមជម្រាបជូនថា, ជាលទ្ធផលកម្លាំងនគរបាល បានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១៥នាក់ និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕