ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងកងរាជអាវុធហត្ថខេត្ត មូលដ្ឋានក្រុងពោធិ៍សាត់ និងមន្រ្តីរដ្ឋបាលព្រៃឈើ សហការគ្នាបង្រ្កាបករណីរុករានឈូកឆាយដីព្រៃភ្នំ កាន់កាប់ធ្វើជាកម្មសិទ្ធិខុសច្បាប់ដែលកំពុងធ្វើសកម្មភាព ដោយដកហូតវត្ថុតាងជាច្រើន និងកំណត់មុខសញ្ញាច្បាស់ក្រឡែតដូចបាតដៃ ។
ប្រតិបត្តិការខាងលើធ្វើឡើងនាថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចភ្នំរលាបក្វើក ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
កម្លាំងចុះប្រតិបត្តិការការងារផ្ទាល់បង្ហើបថា ជនរំលោភបំពានដីព្រៃភ្នំរបស់រដ្ឋធ្វើជាកម្មសិទ្ធ ឈ្មោះ ហួត បញ្ញាវុធ ហៅតាពងទា មានទីលំនៅ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានបង្ហើបបន្តថា សម្ភារៈបទល្មើសជាវត្ថុតាងរួមមានៈ ១ តាបច្រៀកឈើចំនួន២គ្រឿង ,២ ម៉ាស៊ីន JD ១៨សេះ ចំនួន២គ្រឿង ,៣ ម៉ាស៊ីនត្រង់តឺន័រចំនួន១គ្រឿង ,៤ ឈើគ្រឿងចំនួន១១,៩៥៧ម៉ែត្រត្រីគុណ ,៥ កាំភ្លើងខ្យល់ចំនួន១ដើម គ្រាប់ចំនួន៧២គ្រាប់ អេស្កាវ៉ាទ័រចំនួន១គ្រឿង អាប៊ុលចំនួន១គ្រឿង
ប្រភពដដែលបញ្ជាក់ទៀតថា បច្ចុប្បន្ន វត្ថុតាង រក្សាទុកជាបណ្ដោះអាសន្ន នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ចំណែកម្ចាស់ឈ្មោះ ហួត បញ្ញាវុធ ហៅតាពងទា គេចខ្លួន ប៉ុន្តែមិនអ្វីទេគេដឹងមុខសញ្ញាហើយ ។
ពាក់ព័ន្ធករណីឈ្មោះ ហួត បញ្ញាវុធ ហៅតាពងទា រំលោភបំពានដីព្រៃភ្នំយកមកធ្វើកម្មសិទ្ធខាងលើ ប្រភពព័ត៌មានពីមជ្ឈដ្ឋាននានាលើកឡើងស្រដៀងៗគ្នាដែរថា សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ គួរតែធ្វើការស្រាវជ្រាវឡើងវិញផងដែរ កោះថះជាតំបន់ទេសចរណ៍មួយដែរត្រូវបានបំផ្លាញទាំងស្រុង អាចពាក់ព័ន្ធទៅនឹងឈ្មោះ ហួត បញ្ញាវុធ ហៅតាពងទានេះដែរក៏ថាបាន ៕