ប្រទេសថៃ ៖ ស្ត្រីខ្មែរម្នាក់ដែលបម្រើការងារនៅហាងលក់ទំនិញមួយក្នុងខេត្តសមុទ្រប្រាកាន ត្រូវអតីតប្រុសស្នេហ៍ដែលជាជនជាតិថៃមកតាមរករឿងដល់កន្លែងធ្វើការ រួចហើយដកកូនកាំបិតចាក់សម្លាប់បន្ទាប់ពីតាមសុំត្រូវរ៉ូវគ្នាវិញតែមិនបានសម្រេច។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ នៅក្នុងហាងលក់ដូរមួយកន្លែង ក្នុងខេត្តសមុទ្រប្រាកាន ប្រទេសថៃ។
ប្រភពពីសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា នៅមុនពេលកើតហេតុ គឺបុរសដែលជាអតីតប្រុសស្នេហ៍ (ជនជាតិថៃ) បានចូលមកដល់កន្លែងគិតលុយដែលជាកន្លែងស្ត្រីរងគ្រោះកំពុងអង្គុយធ្វើការ ដោយបាននិយាយចរចាសុំជាគ្នាវិញបន្ទាប់ពីបានបែកបាក់គ្នាជាច្រើនខែរួចមក។
សាក្សីបានបន្តថា នៅពេលនោះគេឃើញភាគីស្ត្រីរងគ្រោះបានព្យាយាមដើរចេញ ប៉ុន្តែខាងប្រុសបានដេញតាមដល់កណ្តាលហាងក៏បានដកកូនកាំបិតពីចង្កេះចាក់ទៅលើស្ត្រីរងគ្រោះជាច្រើនកាំបិត ទើបអ្នកនៅធ្វើការក្នុងហាងដាច់ចិត្តហៅបុរសម្នាក់ទៀតដែលនៅក្នុងហាងចូលទៅចាប់បុរសជាប្រុសស្នេហ៍ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
គួរបញ្ជាក់ថា ស្ត្រីរងគ្រោះមានឈ្មោះ ណុប ណារី អាយុ៣៤ឆ្នាំ ជាជនជាតិខ្មែរ និងជាស្ត្រីមេម៉ាយកូន៤នាក់ ចូលទៅបម្រើការងារក្នុងប្រទេសថៃដោយស្របច្បាប់ជាមួយនឹងកូន រួមនឹងប្អូនប្រុសម្នាក់ទៀតបានរយៈពេលជាង១ ឆ្នាំមកហើយ ដោយបានយកគ្នាជាគូសង្សារជាមួយជនជាតិថៃឈ្មោះ វ៉ាន់ ឈុំភូមឿង អាយុ៣១ឆ្នាំ បានគ្នាក្នុងរយៈពេលខ្លី ហើយស្ត្រីរងគ្រោះសុំបែកដោយសារតែខាងប្រុសផឹកស្រាជាប្រចាំ និងប្រើប្រាស់គ្រឿងញៀន ក្រោយមកម្នាក់ៗក៏មានដៃគូថ្មីរៀងៗខ្លួន ប៉ុន្តែខាងប្រុសនៅតែព្យាយាមទូរស័ព្ទទៅគំរាមនាងមិនឱ្យមានអ្នកថ្មីជាដាច់ខាត។
នៅចំពោះមុខសមត្ថកិច្ចថៃ ជនសង្ស័យបានសារភាពថា ខ្លួននៅតែស្រលាញ់នាងបើទោះបីជាបច្ចុប្បន្នខ្លួនមានដៃគូថ្មីក៏ដោយ ។
លុះនៅពេលឮដំណឹងថា នាងមានអ្នកថ្មីដែលជាមនុស្សខ្លួនធ្លាប់ស្គាល់ទៀតទើបមានការខឹងតែម្តង ហើយក៏បានទៅទិញស្រា១ដបមកផឹក រួចយកកូនកាំបិតសៀតចង្កេះទៅរកនាងតែម្តង ឯការបែកបាក់គ្នាគឺដោយសារតែខ្លួនប្រើប្រាស់គ្រឿងញៀនផង និងផឹកស្រាជាប្រចាំផង។
នៅពេលនោះដែរសមត្ថកិច្ចបានវាស់ជាតិអាល់កុលទៅលើជនសង្ស័យគឺមានកម្រិត១១២មិល្លីក្រាមក្នុង១លីត្រខ្យល់ ព្រមទាំងបាននាំខ្លួនទៅកាន់ស្នងការដ្ឋានដើម្បីសាកសួរ រួមជាមួយនឹងកូនកាំបិតចុងស្រួច ដងខ្មៅប្រវែង៣០សង់ទីម៉ែត្រដើម្បីអនុវត្តតាមផ្លូវច្បាប់៕