ពិធីបិទវគ្គហ្វឹកហ្វឺនជំនាញភស្តុភារ យន្តយុទ្ធ ថ្នាក់រវសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ នៅសាលាពលទាហានទី៥

43

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញ ភស្តុភារ យន្តយុទ្ធ ថ្នាក់វរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ នៅសាលាពលទាហានទី៥ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ មេបញ្ជាការរង នាយសេនាធិការ  នាយសេនាធិការរង នាយទាហាន នាយទាហានរង ចំណុះយោធភូមិភាគទី៥ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាពលទាហានទី៥  ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានធ្វើការកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ចាប់ពីថ្ងៃបើកវគ្គរហូតដល់ថ្ងៃបញ្ចប់វគ្គ ទទួលបានជោគជ័យគួរជាទីមោទន:។

ឯកឧត្តម បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមនៅក្រោយពេលបញ្ចប់វគ្គនេះ ត្រូវបានទៅបំរើការងារតាមបណ្តាអង្គភាព ត្រូវតែបន្តគោរពអនុវត្តឱ្យបានល្អ ត្រូវមានភាពស្មោះត្រង់ និងការពារ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  អនុវត្តឱ្យបានល្អវិន័យកងទ័ព គោរពច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជា សារាចរ សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងថ្នាក់លើ  ត្រូវមានឆន្ទៈតស៊ូក្នុងការងារ បន្តខិតខំហ្វឹកហ្វឺនរៀនសូត្របន្ថែមដើម្បីលើកកម្ពស់សមត្ថភាពការងារ ស្របនឹងបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ឱ្យសក្តិសមជាអ្នកបន្តវេនក្នុងកិច្ចការពារជាតិ ត្រូវរក្សាសាមគ្គីភាពជាមួយ នាយទាហាន ពលទាហានក្នុងអង្គភាព និងចេះស្រឡាញ់រាប់អានប្រជាពលរដ្ឋ ចេះជួយពួកគាត់ពេលជួបការលំបាកខ្វះខាត យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ពិសេសក្នុងដំណាក់កាលកូវីដ-១៩  ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ដាច់ខាតមិនឱ្យមានក្នុងអង្គភាព បើសិនជាមានត្រូវដេញចេញពីអង្គភាពដាច់ខាត  ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានល្អ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព។

ជាចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានប្រគល់ជូនលិខិតបញ្ជាក់ការសិក្សា លិខិតសរសើរ ជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គ និងប្រគល់ថវិកា ជូននាយកសាលា ចំនួន ១០.០០០.០០០រៀល, ជូនយោធាចារ្យ ចំនួន ១០.០០០.០០០រៀល និងប្រគល់រថយន្តសង្រ្គោះបន្ទាន់ ចំនួន ៥គ្រឿង ជូនដល់ យោធភូមិភាគទី៥ កងការពារព្រំដែនលេខ៥០១ ៥០២ ៥០៣ និង៥០៤ផងដែរ៕