ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «អ្នកសង្កេតការណ៍បោះឆ្នោត» សម្រាប់ជនបង្គោល ស.ស.យ.ក. រាជធានី ខេត្ត ទទួលបន្ទុកអនុវត្ត «យុទ្ធនាការពលរដ្ឋល្អ» បាននឹងកំពុងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយវត្តមាន ឯកឧត្តម លោកជំទាវ អនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ព្រមទាំងលោក លោកស្រី ជាតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិក សមាជិកា ស.ស.យ.ក. ជាជនបង្គោលតាមបណ្តារាជធានី ខេត្ត សរុបប្រមាណ ១៥០ នាក់ នៅមជ្ឍមណ្ឌល ម៉ានី ក្នុងបរិវេណអគារ KAMPUS ជាន់ផ្ទាល់ដី នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ។

38

ជាកិច្ចចាប់ផ្តើមកម្មវិធី ឯកឧត្តម កើត រិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក. និងជាប្រធានក្រុមការងារទទួលបន្ទុកជំរុញ និងតាមដានការអនុវត្តយុទ្ធនាការពលរដ្ឋល្អ បានឡើងធ្វើការរាយការណ៍ពីបេសកកម្មរបស់យុទ្ធនាការពលរដ្ឋល្អ ក៏ដូចជាគោលបំណងនៃវគ្គបណ្តុះបណ្តាល ដែលត្រូវបានរៀបចំនាពេលនេះជូនដល់អង្គពិធីទាំងមូល។ ឯកឧត្តម បានគូសបញ្ជាក់ពីឱកាសក្នុងពង្រឹងសមត្ថភាព ចំណេះដឹង ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗដែលនឹងផ្តល់ជូនតាមរយៈបទបង្ហាញពីវាគ្មិនឧទ្ទេស ជាមន្ត្រីជំនាញបច្ចេកទេសមកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សូមជម្រាបជូនថា ប្រធានបទចំនួនបួន សម្រាប់វគ្គបណ្តុះបណ្តាលនេះ រួមមាន៖ (១) អ្នកសង្កេតការណ៍បោះឆ្នោត (២) សិទ្ធិ តួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍ មុនថ្ងៃបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោត និងក្រោយពេលបោះឆ្នោត (៣) បម្រាមសម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត និង (៤) បែបបទ និងនីតិវិធីនៃការដាក់ ទទួល និងដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត។