ខេត្តបន្ទាយមានជ័យ ៖ មនុស្សម្នាក់បានបាត់បង់ជីវិតនិង៦នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង៥និង២៥នាទីរសៀលថ្ងៃទី០៥ខែមេសា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវអាស៊ាន ចំណុចផ្លូវចូលភូមិកណ្តោល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ។
លោក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ស្ត្រីដែលស្លាប់បាត់បង់ជីវិតឈ្មោះ កាំង លីឃីម ភេទស្រី អាយុ៣៧ ឆ្នាំរស់នៅភូមិ បាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងអ្នករួមដំណើរនៅភូមិជាមួយគ្នារបួសធ្ងន់ ស្រាល ០៦នាក់ ក្នុងនោះអ្នកបើកបរជាប្តីរបួសស្រាល។
លោកនាយរងការិយាល័យ បានបញ្ជាក់ថា៖នៅមុនពេលកើតហេតុមានរថយន្ត០១ គ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ2AI-5815បើកបរដោយឈ្មោះ ឈៀង សុភារ៉ាត់ ភេទប្រុស អាយុ៤៧ឆ្នាំ(ជាប្តី) និងប្រពន្ធរួមដំណើរឈ្មោះ កាំង លីឃីម(ស្លាប់) បានធ្វើដំណើរពីមកពីសែនឆេងម៉េងនៅខេត្តបាត់ដំបង ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ជាចំណុចផ្លូវកោងបានជ្រុលទៅបុកស្លាកសញ្ញាបង្គោលចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរេចង្កូតមកស្តាំដៃក្រឡាប់គាបស្ត្រីជាប្រពន្ធជាប់នឹងរថយន្តស្លាប់ចំណែកអ្នករួមដំណើរប្រុស ស្រី០៦នាក់ទៀត របួសធ្ងន់០៤នាក់និងស្រាល០២នាក់ ក្នុងនោះអ្នកបើកបរ០១នាក់ផងដែរ។
លោកបញ្ជាក់ថា៖មូលហេតុបង្កឲ្យគ្រោះថ្នាក់នេះ អ្នកបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្នចំណុចផ្លូវកោង សង្ស័យងងុយដេកនិងស្រវឹង ៕