ខេត្តកំពង់ឆ្នាំង ៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះបានស្នើឲ្យធ្វើបច្ចុប្បន្នភាពអំពីប័ណ្ណសមធម៌ដើម្បីចែកជូន អតីតយុទ្ធជនដែលនៅសេសសល់មិនទាន់ទទួលបាន។
លោកទេសរដ្ឋមន្ត្រីមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញសំណេះ សំណាលជាមួយអតីតយុទ្ធជនខេត្តកំពង់ឆ្នាំងចំនួនជាង ៣០០នាក់ ជាប្រភេទក១ និងក២។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម មាន ប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែបន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនគ្រប់រូបជាប្រចាំ។
សម្ដេចតេជោតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា។ ទាំងនេះក៏ព្រោះតែសម្ដេចធ្លាប់ឆ្លងកាត់នូវការលំបាកក្នុងនាមជាអតីតយុទ្ធជនមួយរូប។
ទន្ទឹមគ្នានេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំឲ្យធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនដែលទទួលប័ណ្ណ ប.ស.ស និងប័ណ្ណសមធម៌ ដើម្បីធ្វើសំណើរផ្តល់ទាំងប័ណ្ណ ប.ស.ស និងប័ណ្ណសមធម៌ជូនអតីតយុទ្ធជនដែលសេសសល់មិនទាន់ទទួលបាន។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា នេះជាការគិតគូរដ៏ច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាល។
លោកទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាក់ថា ការយកចិត្តទុក ដាក់ចំពោះមុខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សំខាន់បំផុតជូនអតីតយុទ្ធជននោះគឺ ការបង្កេីនប្រាក់ ឬបៀវត្សន៍ជូនអតីតយុទ្ធជនដែលមានថវិកាទាប ឲ្យទទួលបានថវិកាច្រើនជាងមុន ក្រោយពីរាជ រដ្ឋាភិបាលបានផ្អាកការដំឡេីងប្រាក់បៀវត្សន៍រយះពេល២ឆ្នាំកន្លងទៅ ដោយសារវិបត្តិរាតត្បាតជាសកលពីជំងឺកូវីដ១៩។
នៅក្នុងឱកាសនោះផងដែរលោកទេសរដ្ឋមន្ត្រីគន់ គីម បានផ្តាំផ្ញើដល់អតីតយុទ្ធជនទាំងអស់បន្តអនុវិធានការសុខាភិបាល និងការចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា៕