ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនតំបន់ប្រតិបត្តិការសឹករងកណ្តាល

33

ខេត្តកណ្តាល ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅទ័ព (កំពស់ ២ ជាន់ ចំនួន ២ ខ្នង) អគារផ្ទះបាយ អគារបន្ទប់ទឹក និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងកណ្តាល ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអគារទីបញ្ជាការ ជាអំណោយរបស់យោធាខេត្តប៊ិញយឿង យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានចូលរួមអបអរសាទរចំពោះការទទួលបាននូវសមិទ្ធផលជាច្រើនរបស់តំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងអង្គភាពសម្ព័ន្ធមេត្រីភាព ក៏ដូចជាការចូលរួមចំណែកជាបដិភាគផ្ទាល់របស់យោធិនក្នុងអង្គភាព ដោយសមិទ្ធផលថ្មីទាំងនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងដោយជួយសម្រួលការងារប្រចាំថ្ងៃរបស់អង្គភាពបានមួយកម្រិតធំ និងធានាបាននូវប្រសិទ្ធភាពការងារបន្ថែមទៀត។

ថ្លែងក្នុងឱកាសនោះ លោក បានគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយជានិច្ចជាកាល សម្តេច តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារផ្សេងៗ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា “អគ្គភស្តុភារជាន់ខ្ពស់” ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួន សម្តេច ផ្ទាល់ ក៏ជាធ្លាប់យោធិនដែលបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាម។

ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត សប្បុរសជន និងបញ្ជាការដ្ឋានយោធាខេត្តប៊ីញយឿង យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រី ដែលបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់តំបន់ប្រតិបត្តិការសឹងរងកណ្តាល រហូតអង្គភាពមានការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។

អំណោយដ៏ថ្លៃថ្លារបស់ភាគីមិត្តវៀតណាម ក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរនូវទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងស្មារតីជួយគ្នាទៅវិញទៅមកស្របទៅតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោកបាន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនតំបន់ប្រតិបត្តិការសឹករងកណ្តាលទាំងអស់ ដែលបានខិតខំពុះពារបំពេញភារកិច្ច រហូតសម្រេចបាននូវស្នាដៃ និងគុណបំណាច់ជាច្រើនទាំងលើការបំពេញភារកិច្ចស្នូល, ការកសាងអង្គភាព, ការងារហ្វឹកហ្វឺន និងអប់រំចិត្តសាស្ត្រ, ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វសំដៅធានាលើកកម្ពស់ជីវភាពយោធិន គ្រួសារយោធិន ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយភាគីមិត្ត។

ជាពិសេស ក្នុងដំណាក់កាលនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ អង្គភាពក៏បានខិតខំយកចិត្តទុកដាក់ការពារសុខភាពរបស់យោធិន និងគ្រួសារយោធិន តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ “៣កុំ ៣ការពារ” រួមជាមួយនឹងវិធានការសុខាភិបាល និងគោលការណ៍ណែនាំផ្សេងៗ ហើយក៏បានទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជម្រុញបាន ១០០%។

មួយវិញទៀត អង្គភាពក៏បានសកម្មចូលរួមសហការបំពេញភារកិច្ចផ្សេងៗទៀតដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩៕