កូរ៉េ​ខាង​ជើង​បាញ់​សាកល្បង​មីស៊ីល​ផ្លោងចូលទៅក្នុងសមុទ្រ ដែលជាសកម្មភាពបាញ់បង្ហោះជាលើកដំបូងក្នុងឆ្នាំ២០២២

16

រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​មីស៊ីល​ដែលទំនងជាមីស៊ីលផ្លោង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។ ឥឡូវនេះឆ្មាំសមុទ្រជប៉ុន កំពុងអំពាវនាវឱ្យនាវាធ្វើដំណើរត្រូវរក្សាការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានថ្មីៗ។ វា​ក៏​បាន​ប្រកាស​ដែរ​ថា គ្រាប់មីស៊ីល​ផ្លោងនោះ ប្រហែលជា​បាន​ធ្លាក់​ចុះមកវិញ​ហើយ។

រដ្ឋាភិបាល​ជប៉ុន​បាន​កោះ​ប្រជុំ​បន្ទាន់​មួយ​ជាមួយក្រុម​ឆ្លើយតប​របស់​ខ្លួន ហើយពួកគេនឹងបន្តវិភាគព័ត៌មាន និងតាមដានស្ថានភាពបន្ដទៀត។ គួរឱ្យដឹងដែរថា ការបាញ់បង្ហោះនេះ គឺជាសកម្មភាពលើកដំបូងក្នុងឆ្នាំ២០២២ សម្រាប់ប្រទេសកូរ៉េខាងជើង ក៏ដូចជាការប្តេជ្ញាឆ្នាំថ្មីរបស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងការពង្រឹងកម្លាំងយោធា ដើម្បីទប់ទល់នឹងស្ថានការណ៍អន្តរជាតិដែលមិនស្ថិតស្ថេរ៕