នាយផ្នែករដ្ឋបាលជលផល សហការបំផ្លាញឧបករណ៍ចាប់ត្រី២៦ខ្សែ នៅឃុំមេទឹក

26

ខេត្តពោធិ៍សាត់ ៖ ម្សិលមិញថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ កម្លាំងចំរុះរួមមានៈ មន្ត្រីរដ្ឋបាលជលផល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ប៉ុស្ដិ៍នគរបាលរដ្ឋបាលមេទឹក ក្រុមប្រឹក្សាឃុំមេទឹក យោធា បរិស្ថាន និងសហគមន៍នេសាទ សហការចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ ដោយបំផ្លាញចោលនូវឧបករណ៍ចាប់ត្រីដែលជាវត្ថុតាង និងសង្រ្គោះត្រីចំរុះមួយចំនួនផងដែរ ។

នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ករណីត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងនៅលើផ្ទៃទឹកបឹងទន្លេសាប ចាប់ពីចំណុចព្រែកដីរនាតដល់ព្រែកក្អមសំណ ស្ថិតនៅភូមិក្អមសំណ និងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោក នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ឲ្យដឹងបន្តទៀតថា លទ្ធផលៈ បំផ្លាញចោលនូវឧបករណ៍ចាប់ត្រីប្រភេទរបាំស្បៃមុងដែលជាវត្ថុតាងចំនួន២៦ខ្សែ ស្មើនឹងប្រវែងចំនួន៤.២០០ម៉ែត្រ បង្គោលចំរឹងចំនួន២.៦០០ដើម លូកងស្បៃមុងចំនួន៣៤គ្រឿង និងចាក់លែងត្រីចំរុះចូលទឹកបឹងធម្មជាតិ(បឹងទន្លេសាប)ចំនួន២០គីឡូក្រាមផងដែរ ហើយកម្លាំងសហការបន្តធ្វើឲ្យដូចភ្លៀងរលឹម ៕