ចា.ប់ខ្លួ.នមន្ដ្រីនគរបាលនៅអគ្គនាយកដ្ឋានភស្ដុភាម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆបោកប្រាក់ជិត៣០ម៉ឺនដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌនគរបាល

30

ភ្នំពេញ ៖ មន្ដ្រីនគរបាលម្នាក់ បម្រើការងារនៅអគ្គនាយកដ្ឋានភស្ដុភា និងហរិញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមបណ្ដឹងរបស់ជនរងគ្រោះពាក់ព័ន្ធករណីឆបោកប្រាក់ជិត៣០ម៉ឺនដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា៖ ក្រោយឃាត់ខ្លួនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនមន្ដ្រីនគរបាលឈ្មោះ ឡេង សុធីវុន អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ០៣ ផ្លូវ១២៣ ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ។

សូមជម្រាបថា ជនរងគ្រោះ២៨នាក់ បានដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយបានចោទប្រកាន់ថា កាលពីអំឡុងចុងឆ្នាំ២០១៩ ឈ្មោះ ឡេង សុធីវុន បានប្រើប្រាស់តួនាទីរបស់ខ្លួនជាមន្ត្រីនគរបាល នៅអគ្គនាយកដ្ឋានភស្តុភា ទៅឆបោកក្រុមជនរងគ្រោះ ដោយអះអាងថា រូបគេជាជំនួយការរបស់អ្នកធំម្នាក់ អាចរត់ការឲ្យជនរងគ្រោះទាំង ២៨នាក់ ចូលក្របខណ្ឌនគរបាលជាតិបានត្រឹមរយៈពេល ៦ខែប៉ុណ្ណោះ និងមានឈ្មោះក្នុងក្របខណ្ឌទាំងអស់ ដោយតម្រូវឲ្យបង់លុយក្នុងម្នាក់ៗ ចំនួន១៨,០០០ដុល្លារ។

ដោយជឿជាក់លើជនសង្ស័យ ក្រុមជនរងគ្រោះ បានប្រមូលលុយបាន២៨០,០០០ដុល្លារ ប្រគល់ឲ្យទៅឈ្មោះ ឡេង សុធីវុន ដើម្បីរត់ការតាមការសន្យា ប៉ុន្តែចុងក្រោយជនសង្ស័យ មិនអាចរត់ការបានសម្រេច និងគេចវេសមិនព្រមប្រគល់ប្រាក់ត្រឡប់ឲ្យក្រុមជនរងគ្រោះនោះទេ ទើបក្រុមជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងជនសង្ស័យទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីឲ្យជួយរកយុត្តិធម៌។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឡេង សុធីវុន បានសារភាពថា ខ្លួនពិតជាទទួលលុយចំនួន ២៨០,០០០ដុល្លារ ពីក្រុមជនរងគ្រោះពិតប្រាកដមែន ដើម្បីរត់ការចូលបម្រើក្នុងក្របខណ្ឌនគរបាលជាតិប្រាកដមែន ៕