ខេត្តមណ្ឌលគិរី៖ មន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត បានប្ដឹងប្រធានរបស់ខ្លួន គឺ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅកាន់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ដោយសារការមិនពេញចិត្តដឹកនាំការងាររបស់ប្រធានមន្ទីរដែលដកមន្ត្រីក្រោមឱវាទតាមទំនើងចិត្ត។ ជាពិសេសគឺការដាក់ជន ស៊ីវិល ឱ្យស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីឧទ្យានុរក្សដើរល្បាតគ្រប់ទីកន្លែង។
នៅក្នុងលិខិតដែលមានចំនួន២ទំព័រនោះផ្ដិតមេដៃអ្នក ប្ដឹងចំនួន១៩នាក់ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៥ ដោយនៅក្នុងលិខិតរបស់មន្ត្រីរាជការមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី គោរពជម្រាបជូន រដ្ឋមន្ត្រីក្រសួង បរិស្ថាន មានចំណុចសំខាន់ៗចំនួន៥។ លោក ហាស់ វិបុល អតីត អនុប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ ធ្លាប់បាន អភិបាលខេត្តក្រចេះ ធ្វើលិខិតស្នើសុំដកមកបញ្ឈរជើងកាលនៅបម្រើការងារជា នាយកដែនជម្រក សត្វព្រៃ ព្រៃឡង់ ព្រោះតែរឿងអាស្រូវបណ្ដោយឱ្យមាន ការដឹក ជញ្ជូនឈើចេញពី ព្រៃឡង់ ដោយឥតឈប់ឈរ។
នៅក្នុងពាក្យបណ្ដឹងរបស់មន្ត្រីរាជការមន្ទីរបរិស្ថានខេត្តនមណ្ឌលគិរី ទៅកាន់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន សរសេរថា
ទី១៖ មានការបែងចែកតួនាទីភារកិច្ចជូនថ្នាក់ដឹកនាំមន្ទីរ នាំឱ្យមានការថ្នាំងថ្នាក់ពីថ្នាក់ដឹកនាំ ដោយសារតែលោក ឌិន ប៊ុនធឿនអនុប្រធានមន្ទីរ ១រូប ត្រូវទទួលបន្ទុកដឹក នាំដែនជម្រកសត្វព្រៃ ចំនួនប្រាំដែន ហើយថែមទាំងដឹកនាំការិយាល័យចំណេះដឹងបន្ថែមទៀត។ ក្រោយពីបានទទួលសិទ្ធិជាអនុប្រធានមន្ទីរ ទទួលបន្ទុកដែនជម្រក រួចមកលោក អនុប្រធានមន្ទីរ បានធ្វើការដោះដូរដាក់មន្ត្រីតាមទំនើងចិត្តដោយមិនមានកិច្ចប្រជុំឆ្លងយោបល់ពី ប្រធានការិយាល័យដែននោះទេ។ ការដឹកនាំបែបនេះ ជាការរំលោភបំពានសិទ្ធិអំណាចរបស់ ការិយាល័យរដ្ឋបាលធនធានមនុស្ស និងហិរញ្ញវត្ថុ។
ទី២៖ លោកប្រធានមន្ទីរធ្វើសំណើទៅរដ្ឋបាលខេត្តស្នើសុំផ្លាស់ប្ដូរមន្ត្រីពីការិយាល័យមួយទៅ ការិយាល័យមួយទាំងដែលមិនបានប្រជុំវាយតម្លៃពីថ្នាក់ដឹកនាំមន្ទីរ ទាំងដែលគាត់មិនទាន់បានស្គាល់ឈ្មោះ និងស្គាល់មន្ត្រីអស់ផង ដោយមិនស្របតាមនីតិវិធីដែលផ្ទុយពីគោលការវិភាគមុខងាររបស់ ក្រសួងបរិស្ថាន និងក្រសួងមុខងារសាធារណៈ ជាក់ស្ដែងដូចជា ករណីដកលោក ញឹម វណ្ណៈ ពីអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំពេ្រច លំផាត់ ឱ្យមកបម្រើការងារជាអនុប្រធានការិយាល័យគាំពារបរិស្ថានវិញ។
ទី៣៖ការដឹកនាំបែបចាប់កំហុសមន្ត្រីដូចជា ការចុះទៅតាមដែននីមួយៗលបទៅដោយមិនបានប្រាប់មន្ត្រី ឬ ប្រធានការិយាល័យដែន ដើម្បីឱ្យមានការចូលរួមជាក់ស្ដែងពេលគាត់ចុះ ដែនស្រែពក បានជួបក្រុមហ៊ុនឃុនយ័ន្ត កំពុងសិក្សារុករករ៉ែមាសដែលជាក្រុមហ៊ុនមានច្បាប់។ ប្រធានមន្ទីរប្រើពាក្យថា ចុះពិនិត្យទីតាំងរ៉ែមាស អនាធិបតេយ្យ ដោយមិនបានសួរនាំព័ត៌មានពីមន្ត្រី ការិយាល័យស្រែពកណាមលៀរ ថា ក្រុមហ៊ុននោះមានច្បាប់ ឬអត់ច្បាប់ ការដឹកនាំរបៀបនេះ ហាក់បីដូចជាមន្ត្រីតាមការិយាល័យដែន នីមួយៗមិនចង់សហការជាមួយគាត់។
ទី៤៖ការអនុវត្តច្បាប់មិនស្របតាម ក្រមបរិស្ថាន ជាក់ស្ដែងមានការដោះលែងជនសង្ស័យចំនួន២នាក់ និងរថយន្តសាំយ៉ុងចំនួន១គ្រឿងពាក់ព័ន្ធនឹងការដឹកជញ្ជូនសត្វព្រៃ ( សត្វពង្រូល )។
ទី៥៖ការប្រើប្រាស់មន្ត្រីមិនស្របទៅតាម ច្បាប់សហលក្ខន្ដិក មន្ត្រីរាជការស៊ីវិល ដោយមានបុគ្គលម្នាក់ពាក់ឯក សណ្ឋានមន្ត្រីឧទ្យានុរក្ស ដើរធ្វើការជាមួយមន្ត្រី ឧទ្យានុរក្ស នៅក្នុងខេត្តមណ្ឌលគិរី ដែលមិនមែនជាមន្ត្រីឧទ្យានុរក្សក្របខណ្ឌ របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
ប្រភពរាយការណ៍ថា គេឃើញបុរសម្នាក់ឈ្មោះខៃ ធីតា ជាអ្នករស់នៅខេត្តក្រចេះ ជាជនស៊ីវិលស្លៀកពាក់ឯក សណ្ឋានមន្ត្រីឧទ្យានុរក្សចុះបេសកកម្មក្នុងនាមជាក្រុម ល្បាតចល័ត។ ចំណុចនេះតើជាភាពត្រឹមត្រូវដែលឬទេ?
លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានប្រាប់អ្នកកាសែតថា ក្រសួងបរិស្ថាន មានក្រុមការ ងារវិនិច្ឆយគឺ ឯកឧត្តម រដ្ឋមន្ត្រី ជាប្រធាន បើខ្ញុំខុស គឺ ស្ថិតក្រោមច្បាប់សហលក្ខន្ដិកមន្ត្រីរាជការ។ ក៏ប៉ុន្តែលោក ក៏បានចោទជាសំណួរតបវិញថា ក្នុងនាមជាមន្ត្រីរដ្ឋបាលខេត្តមួយមានសិទ្ធិចាត់ចែង មន្ត្រីពីកន្លែងមួយទៅកន្លែងមួយបានដែរ ឬ ទេ ?
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានអះអាងអំពីបញ្ហាច្បាប់ ទម្លាប់ថា ក្នុងមាត្រា៤ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងនិងប្រើប្រាស់មន្រ្តីជាប់កិច្ចសន្យា និយាយច្បាស់ ហើយការ គ្រប់គ្រង ឬប្រើប្រាស់ឯកសណ្ឋានមន្រ្តីឧទ្យានុរក្ស គឺខុស ព្រោះមន្រ្តីឧទ្យានុរក្ស គឺជាមន្រ្តីក្របខ័ណ្ឌ ហើយជាមន្រ្តីនគរបាលយុត្តិធម៌ រីឯមន្រ្តីជាប់កិច្ចសន្យា នៅក្នុងមាត្រា១០ ចែងថា ពុំមានសិទ្ធិឬបុព្វសិទ្ធិដូចមន្រ្តីរាជការឡើយ។
មន្ត្រីឧទ្យានុរក្ស ម្នាក់ដែលចូលរួមផ្ដិតមេដៃប្ដឹងប្រធានរបស់ខ្លួនសុំមិនបញ្ចេញឈ្មោះលើកឡើងថា នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ លោកមិនខ្លាចគេធ្វើបាបអ្វីនោះទេ គឺលោកចង់បានតែភាពត្រឹមត្រូវតែ ប៉ុណ្ណោះ។ លោកក៏ពុំធ្វើការបកស្រាយអ្វីនោះដែរ។ សំខាន់រឿងនោះទុកជូន រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអ្នកសម្រេច។
គួរបញ្ជាក់ថា លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទើបឡើងកាន់តំណែងថ្មី កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥ តាមរយៈអនុក្រឹត្យ លេខ៦២ / អនក្រ. តត។ ក៏ប៉ុន្តែការឡើងធ្វើប្រធានមន្ទីរថ្មីនេះ មានប្រតិកម្មប្ដឹងតវ៉ាទៅដល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាសាម៉ីអង្គភាពនោះ ទំនងជាធ្វើឱ្យខូចផលប្រយោជន៍បុគ្គល។
សូមរំឡឹកថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ លោក ហាស់ វិបុល កាលនៅជា អនុប្រធានមន្ទីរ ខេត្តក្រចេះ ត្រូវបានលោក វ៉ា ថន អភិបាល ខេត្តក្រចេះ ធ្វើលិខិត ស្នើសុំដកចេញពី នាយកដែនជម្រកសត្វព្រៃ ព្រៃឡង់ ឱ្យមកបម្រើការងារនៅ មន្ទីរបរិស្ថានខេត្តក្រចេះវិញ ក៏ព្រោះតែរឿងដឹកជញ្ជូនឈើចេញពីព្រៃឡង់ឥតឈប់ឈរ៕