អេស្កាវ៉ាទ័រ២គ្រឿង រថយន្តដឹកដី១០គ្រឿង ត្រូវឈ្មួញលួចជីកកកាយក្បែរជើងភ្នំ១កន្លែង ដឹកលក់យ៉ាងគគ្រឹកគគ្រេង តាំងពីមុនចូលឆ្នាំខ្មែរ ខណៈមន្ត្រីជំនាញអត់ដឹងរឿង

7

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋរស់នៅភូមិដីថ្មី បានរាយការណ៍ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះថា មានក្រុមឈ្មួញបានយកគ្រឿងចក្រ អេស្កាវ៉ាទ័រ ចំនួន២គ្រឿង និងរថយន្តដឹកដី (ចង្កូតស្តាំ) ជិត១០គ្រឿង ទៅសំងំនាំគ្នាជីកកកាយដីនៅក្បែរជើងកូនភ្នំមួយកន្លែង ស្ថិតនៅត្រង់ចំណុចអូរកប់អង្ករ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយដឹកលក់យ៉ាងគគ្រឹកគគ្រេង តាំងពីមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រហូតមកដល់ពេលនេះ មិនទាន់ឈប់នៅឡើយ ខណៈ ដែលគេសង្ស័យថា អត់មានការសុំច្បាប់ ឬទទួលលិខិតអនុញ្ញាតណាមួយពីមន្ត្រីជំនាញ ដល់ក្រុមឈ្មួញទាំងនោះឡើយ ។

ប្រជាពលរដ្ឋ បានរៀបរាប់ឱ្យដឹងថា អស់រយៈពេលជាច្រើនថ្ងៃ ពោលគឺចាប់តាំងពីមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ គេសង្កេតឃើញឈ្មួញបានយកគ្រឿងចក្រអេស្កាវ៉ាទ័រ រួមជាមួយនឹងរថយន្តដឹកដី ជាច្រើនគ្រឿង នាំគ្នាទៅជីកកកាយដីនៅជើងភ្នំមួយកន្លែង ដោយដឹកលក់នៅតាមភូមិនានា ក្បែរព្រំដែន យ៉ាងគគ្រឹកគគ្រេង បណ្តាលឱ្យហុយដីចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ បង្កជាបញ្ហាជំងឺផ្លូវដង្ហើម និងរលាកបំពង់ក ដល់មនុស្សក្មេងចាស់ប្រុសស្រី។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានអាចម៌ដីខ្លះ បានធ្លាក់ពីលើរថយន្តទៅលើផ្លូវ បណ្តាលឱ្យរអិលពេលភ្លៀងធ្លាក់ម្តងៗ និងហុយទ្រលោម ពេលដែលក្តៅខ្លាំង ។

ប្រជាពលរដ្ឋ បន្ថែមទៀតថា ការដឹកដីរបស់ក្រុមឈ្មួញខាងលើនេះ បណ្តាលឱ្យទទួលរងការខូចផ្លូវបេតុង ក្លាយទៅជាជង្ហុកតូចធំ នៅក្បែរមណ្ឌលសុខភាពផ្សារព្រំ នាំឱ្យមានការលំបាក ក្នុងបើកបរម៉ូតូ និងរថយន្ត ថែមទៀត ជាពិសេសធ្វើឱ្យមានករណីគ្រោះថ្នាក់ដួលម៉ូតូជារឿយៗ បណ្តាលឱ្យរងរបួស ដល់អ្នករស់នៅក្នុងភូមិ ដែលធ្វើដំណើរតាមផ្លូវនោះ ។

ពួកគាត់បញ្ជាក់ថា គ្រឿងចក្រ និងរថយន្តដឹកដីលក់ខាងលើ តាមសង្កេតមើលទៅអត់មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ គឺនាំគ្នា ជីកកកាយដីតាមរបៀបលួចលាក់ ដោយមិនបានសុំច្បាប់អនុញ្ញាត ឬបង់ពន្ធចូលរដ្ឋឱ្យបានត្រឹមត្រូវ ដែលបណ្តាលឱ្យខាតបង់ប្រាក់ចំណូល ហើយបង្កភាពអនាធិបតេយ្យ ថែមទៀតផងដែរ ។

ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានប្រាប់តាមបណ្ដាញសារព័ត៌មានឱ្យដឹងថា គ្រឿងចក្រ និងរថយន្តដឹកដីទាំងអស់ខាងលើ ខាងលោកអត់បានចេញច្បាប់អនុញ្ញាតឱ្យចូលទៅជីកកកាយដី ដឹកលក់ នោះទេ! ដោយពួកគេ ឆ្លៀតឱកាសពេលបុណ្យចូលឆ្នាំថ្មី ខណៈដែលមន្ត្រី កំពុងតែរវល់នឹងអបអរសាទរសម្រាប់បុណ្យចូលឆ្នាំថ្មី ក៏ត្រូវពួកគេលួចនាំគ្នា ជីកកកាយ ដោយឥតមានច្បាប់ ខាងលោក នឹងចុះទៅពិនិត្យមើល ដើម្បីណែនាំដល់ម្ចាស់គ្រឿងចក្រខាងលើ ។

ចំណែកលោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន បានឱ្យដឹងដែរថា ក្រោយទទួលបានដំណឹងនេះភ្លាម ខាងលោក បានដឹកនាំកម្លាំងចុះទៅពិនិត្យត្រង់កន្លែងជីកកកាយដីខាងលើ តែក្រុមឈ្មួញ បាននាំគ្នាយកគ្រឿងចក្រ និងរថយន្តបើករត់គេចខ្លួនអស់រលីងហើយ ដោយនៅសល់តែ ស្នាមជីកកកាយដីក្បែរជើងភ្នំប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ខាងលោក នឹងស្រាវជ្រាវរកឈ្មួញទាំងនោះ ដើម្បីធ្វើការណែនាំឱ្យអនុវត្តត្រឹមត្រូវតាមច្បាប់ទម្លាប់ ជៀសវាងមានបញ្ហានៅថ្ងៃខាងមុខ។

ប្រជាពលរដ្ឋនឹងសង្ឃឹងថាជុំវិញការជីកកកាយដីពីសំណាក់ជនខិលខូតដែលឆ្លៀតឱកាសទាំងនោះអាជ្ញាធរពាក់ព័ន្ធនិងចាត់វិធាការចាប់ក្រុមទាំងនោះមកអនុវត្តច្បាប់ឲ្យខាតតែបានព្រោះជនខិតខូតទាំងនោះមិនមែនប្រើប្រាស់តែឡាន១ឬ២គ្រឿននោះទេ គឺប្រើឡានច្រើនគ្រឿនក្នុងការជីកកកាយដី ៕