សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជាមានប្រសាសន៍ ថា នេះជាជោគជ័យដ៏ល្អប្រសើរ និងប្រកបដោយមោទនភាព ជាប្រវត្តិសាស្ត្រ ក្នុងវិស័យដីធ្លីដែលខេត្តសៀមរាប បានសម្រេចបញ្ចប់ការវាស់វែងក្បាលដីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងឈានដល់ការកសាងកម្មសិទ្ឋិ ជូនប្រជាពលរដ្ឋសម្រាប់យកទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តលើកម្មសិទ្ឋរបស់ខ្លួនថែមទៀត។
សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ មានប្រសាសន៍ថា បច្ចុប្បន្ននេះ កម្មសិទ្ឋដីធ្លីនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាទីបំផុត ដើម្បីពង្រឹងសន្តិសុខលើការកាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋតាមរយៈការជម្រុញចុះបញ្ជីដីធ្លី និងផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងកោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប និងអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក មិនខ្លាចនឿយហត់ សម្រាប់ដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជម្រុញការងារចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នាពេលនេះ។
សម្តេចពិជ័យសេនា មានប្រសាសន៍បែបនេះ នៅសាលសន្នីសិទ្ធ សុខាសៀមរាប នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ការបញ្ចប់ការងារវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុប្រមាណជាង៤ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋ ៦ក្រុង ស្រុក ក្នុងខេត្តសៀមរាប រៀបចំដោយរដ្ឋបាលខេត្តសៀមរាប៕