សៀមរាប៖ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ ដោយមានការអញ្ជើញចូលរួមពីលោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក និង លោក សុខ ណារ៉េត អភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ លោក អធិការនគរបាលស្រុក មេបញ្ជាការ ផ្នែកសឹករងស្រុក លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ លោក-លោកស្រីនាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក នាយ នាយរងអាវុធហត្ថខេត្ត ព្រមទាំងមន្រ្តីរាជការជុំវិញស្រុក និងភ្ញៀវកិត្តិយស ដែលប្រព្រឹត្តនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ ។
ដោយតែងតាំង លោកអនុសេនីយ៍ឯក ស្មៀន ពៃ ជំនួស លោកវរសេនីយ៍ត្រី អ៊ួន ម៉ាឌីន មេបញ្ជាការ មូលដ្ឋានស្រុកក្រឡាញ់ ចាស់ ដែលត្រូវបានផ្លាស់ប្តូរកាន់តំណែងថ្មី។
ថ្លែងក្នុងអង្គពិធីនេះផងដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង នឹងអរគុណចំពោះ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិកអង្គពិធីទាំងមូលដែលបានអញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ ព្រមទាំងបានបញ្ជាក់ផងដែរថា ការប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយអាវុធហត្ថនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានទំនុកចិត្តពីសំណាក់ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពិសេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយទាហាន នៃកងរាជអាវុធហត្ថ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ សន្តិភាព រក្សាសណ្តាប់ធ្នាប់ ដើម្បីបម្រើសេចក្តីសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិឲ្យបានល្អប្រសើរ ។