សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាលលើសម្មភាពមីននៅប្រទេសកម្ពុជា

4

នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាលលើសម្មភាពមីននៅប្រទេសកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានគាំទ្រដល់រាជរដ្ឋាភិបាល និងអំពាវសូមបន្តគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការងារសកម្មភាពមីន ជាពិសេស ក្នុងគោលដៅឆ្ពោះទៅរក “កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០៣០” ។
សូមរំឭកថា សង្គ្រាមជាង៣ទសវត្សរ៍ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះរាប់លានគ្រាប់រាយប៉ាយនៅពាសពេញប្រទេស បន្តឆក់យកជីវិតមនុស្សរាប់សិបម៉ឺននាក់ និងក្លាយជាឧសគ្គរារាំងដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។ រាជរដ្ឋាភិបាលគ្រប់អាណត្តិបានដាក់គោលដៅជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ប្រមូលគ្រប់ធនធាន ដើម្បីបញ្ចប់បញ្ហាគ្រាប់មីន ប្រែក្លាយផ្ទៃដីមានមីនទៅជាដីមានសុវត្ថិភាព សម្រាប់ការរស់នៅ និងបង្កបង្កើនផល ។
សកម្មភាពមីននៅកម្ពុជា ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីសហគមន៍ជាតិ និងអន្តរជាតិ និងប្រទេសជុំវិញពិភពលោក ដោយសកម្មភាពមីននៅកម្ពុជា បានជួយសង្គ្រោះដល់ជីវិតមនុស្ស និងបានប្រែក្លាយដីមានមីន ទៅជាដីសម្រាប់អភិវឌ្ឍន៍ ដែលចូលរួមយ៉ាងសំខាន់ដល់ការលើកកម្ពស់ជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។ សមិទ្ធផលដ៏ធំធេងនេះ ក៏មានការចូលរួមយ៉ាងសំខាន់ ពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានគាំទ្រជាថវិកា សម្ភារ និងជំនាញ ដើម្បីគាំទ្រ និងសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងសកម្មភាពមីន ៕