យុទ្ធនាការ​ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!” “Say No to Fake News”

4

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកយុទ្ឋនាការលើប្រធានបទ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!” “Say No to Fake News”​ នាព្រឹកថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ២០២៥ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

ក្នុងឱកាស​បេីក​វេទិកា​នេះ​ មាន​ការអញ្ជេីញចូលរួមពី លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ និង​ លោក​បណ្ឌិត​ ឃីម​ រដ្ឋា​ អនុប្រធាន​ លោក​ ជា​ សុភា​ អគ្គលេខាធិការ​រង​ រួមទាំង​អ្នកសារព័ត៌មានជាតិ អន្តរជាតិ អ្នកមានឥទ្ធិពលលើបណ្តាញសង្គម មន្ទីរ​ព័ត៌មាន​រាជធានី​ ខេត្ត​។

ថ្លែង​ក្នុងឱកាសអញ្ជើញជាអធិបតី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់អំពីគោលបំណងសំខាន់ ក្នុងការបើកយុទ្ឋនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!” ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
១. ទប់ស្កាត់ការរីករាលដាលព័ត៌មានក្លែងក្លាយ៖
* កាត់បន្ថយការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបង្កផលប៉ះពាល់ដល់ សង្គម។
* ការពារប្រជាពលរដ្ឋពីការបោកបញ្ឆោត និងការបំភាន់ព័ត៌មាន។
២. លើកកម្ពស់ការយល់ដឹងអំពីព័ត៌មានក្លែងក្លាយ៖
* អប់រំប្រជាពលរដ្ឋឱ្យចេះសម្គាល់ និងផ្ទៀងផ្ទាត់ព័ត៌មាន។
* បណ្តុះបណ្តាលជំនាញក្នុងការវិភាគ និងវាយតម្លៃព័ត៌មាន។
៣. ជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងត្រឹមត្រូវ៖
* លើកទឹកចិត្តឱ្យមានការប្រើប្រាស់ប្រភពព័ត៌មានដែលអាចទុកចិត្តបាន។
* បង្កើតវប្បធម៌នៃការចែករំលែកព័ត៌មានប្រកបដោយទំនួលខុសត្រូវ។
៤. កសាងជំនឿទុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយ៖
* ស្តារ និងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយ។
* លើកកម្ពស់គុណភាព និងភាពត្រឹមត្រូវនៃព័ត៌មានដែលផ្សព្វផ្សាយ។
៥. ការពារសន្តិសុខ និងស្ថិរភាពសង្គម៖
* ទប់ស្កាត់ការញុះញង់ និងការបង្កឱ្យមានអំពើហិង្សាដែលបណ្តាលមកពី ព័ត៌មានក្លែងក្លាយ។
* រក្សាសណ្តាប់ធ្នាប់ និងភាពសុខសាន្តក្នុងសង្គម។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់បន្ថែមអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ៖
* ការបំភាន់ និងបោកប្រាស់: ព័ត៌មានក្លែងក្លាយអាចបំភាន់ និងបោកប្រាស់សាធារណជន ធ្វើឱ្យពួកគេជឿលើរឿងមិនពិត។
* ការបង្កភាពចលាចល: វាអាចបង្កភាពចលាចល និងអស្ថិរភាពក្នុងសង្គម តាមរយៈការផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងការញុះញង់។
* ការបំផ្លាញកេរ្តិ៍ឈ្មោះ: ព័ត៌មានក្លែងក្លាយអាចបំផ្លាញកេរ្តិ៍ឈ្មោះបុគ្គល ឬស្ថាប័នណាមួយ។
* ការគំរាមកំហែងដល់សន្តិសុខជាតិ: វាអាចត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងដល់សន្តិសុខជាតិ តាមរយៈការផ្សព្វផ្សាយព័ត៌មានញុះញង់ និងបង្កឱ្យមានអំពើហិង្សា។

ចំពោះវិធានការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ៖
* ការអប់រំនិងការយល់ដឹង: ការអប់រំសាធារណជនអំពីរបៀបសម្គាល់ព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់របស់វា។
* ការត្រួតពិនិត្យការពិត: ការបង្កើតប្រព័ន្ធត្រួតពិនិត្យការពិត ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន និងបំបាត់ព័ត៌មានក្លែងក្លាយ។
* ការអនុវត្តច្បាប់: ការអនុវត្តច្បាប់ប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការដាក់ទោសអ្នកដែលប្រព្រឹត្តបទល្មើស។
* កិច្ចសហប្រតិបត្តិការ: កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

ការចូលរួមរបស់ប្រជាពលរដ្ឋ៖
* ការពិនិត្យប្រភពព័ត៌មាន: ត្រូវពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់មុននឹងជឿ ឬចែករំលែក។
* ការផ្ទៀងផ្ទាត់ព័ត៌មាន: ត្រូវផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពដែលអាចទុកចិត្តបាន។
* ការរាយការណ៍ព័ត៌មានក្លែងក្លាយ: ត្រូវរាយការណ៍ព័ត៌មានក្លែងក្លាយទៅអាជ្ញាធរ ឬវេទិកាដែលផ្សព្វផ្សាយព័ត៌មាននោះ។
* ការចែករំលែកព័ត៌មានត្រឹមត្រូវ: ត្រូវចែករំលែកតែព័ត៌មានដែលត្រឹមត្រូវ និងអាចទុកចិត្តបាន។

ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺជាការទទួលខុសត្រូវរបស់មនុស្សគ្រប់គ្នា។ តាមរយៈការចូលរួមទាំងអស់គ្នា យើងអាចកសាងសង្គមមួយដែលពោរពេញទៅដោយព័ត៌មានត្រឹមត្រូវ និងយុត្តិធម៌។ជាការពិតណាស់ ព័ត៌មានក្លែងក្លាយកំពុងតែរីករាលដាលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងព័ត៌មានបានប្រកាសបើកយុទ្ឋនាការលើប្រធានបទ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!” “Say No to Fake News”។

អត្ថបទ៖ ជា សុភា