លោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានជំរុញឱ្យអ្នកសារព័ត៌ និងសមាជិករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យហៅកាត់ IPA ចូលរួមផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់) ឱ្យបានទូលំទូលាយ។
ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលឆ្នាំ ២០២៤ និងកំណត់ទិសដៅឆ្នាំ ២០២៥ កាលពីព្រឹកមិញនេះ លោក ឡុង ឆ័យណាវ បានលើកឡើងថាការចូលរួមរបស់អ្នកសារព័ត៌មានគឺជាផ្នែកមួយនៃការដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ ចំពោះប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។
នៅឯពិធីបើកសន្និបាតសមាគមសារព័ត៌មានឯករាជ្យ ដែលមានអ្នកចូលរួមសរុបជាង៥០០ អង្គ/នាក់ ដែលរួមមានចាងហ្វាង និពន្ធនាយក អ្នកសារព័ត៌មានរួមទាំងសមាជិក IPA និងក្រុមហ៊ុនបណ្ដាជាដៃគូរបស់សារព័ត៌មានIPA សរុបជាង៥០០អង្គ/នាក់ នៅភោជនីយដ្ឋាន ទន្លេបាសាក់ ២ នៅថ្ងៃទី ៣០ ខែមីនា ២០២៥ លោក ឡុង ឆ័យណាវ បានបន្ថែមទៀតថា គោលបំណងសំខាន់របស់អង្គសន្និបាតរយៈពេល១ថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសម្រេចបាន, កំណត់ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនិងការ ដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ ២០២៥។
លោក ឡុង ឆ័យណាវ បានលើកឡើងបន្ថែមទៀតថា សន្និបាតនេះក៏បានផ្តោតលើការលើកកម្ពស់វិជ្ជាជីវៈ សមត្ថភាព និងសាមគ្គីភាពក្នុងសមាគម ដើម្បីអភិវឌ្ឍវិស័យព័ត៌មានឱ្យមានប្រសិទ្ធភាព និងទទួលបានការគាំទ្រពីសង្គម។
លោកបណ្ឌិត ទូច វណ្ណ: ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ មានប្រសាសន៍ថា របៀបវារៈនៃអង្គសន្និបាតបានផ្ដោតលើ÷
១. ពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលការងារឆ្នាំ ២០២៤
២. ប្រកាសបទបញ្ជាផ្ទៃក្នុងរបស់សមាគម
៣. ពិនិត្យ និងអនុម័តផែនការសកម្មភាពឆ្នាំ ២០២៥
៤. បទអន្តរាគមន៍ពីថ្នាក់ដឹកនាំ និងសមាជិកសមាគម
លោកបណ្ឌិត ទូច វណ្ណៈ បានបន្ថែមទៀតថា របៀបវារៈនៃអង្គសន្និបាតក៏បានផ្ដោតលើប្រធានបទ២សំខាន់ដែរ គឺប្រធានបទទី១ ស្ដីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងប្រធានបទទី២ ការឈ្វេងយល់អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា។
សូមបញ្ជាក់ថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបង្កើតឡើងដោយក្រុមយុវជនខ្មែរ ដែលមានអាជីពជាអ្នកសារព័ត៌មាន ជាអ្នកស្រឡាញ់វិស័យព័ត៌មាន និងការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ និងការអភិវឌ្ឍនធនធានមនុស្ស។ សមាគមត្រូវបានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃលេខ ១០៩៥ ប្រក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងលិខិតអនុញ្ញាតឱ្យធ្វើសកម្មភាពលើវិស័យសារព័ត៌មានរបស់ក្រសួងព័ត៌មានលេខ ០០៥ ព.ស. ល.អ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។
បច្ចុប្បន្នសមាគមសារព័ត៌មានឯករាជ្យ មានអង្គភាពសារព័ត៌មានជាសមាជិកសរុបចំនួន៦២អង្គភាព និងមានក្រុមហ៊ុនសហគ្រាស គ្រឹះស្ថានសិក្សាជាដៃគូ សរុបចំនួន២៤ស្ថាប័ន។ សាមាគមសារព័ត៌មានឯករាជ្យរាប់ចាប់ពីថ្នាក់ដឹកនាំ សមាជិក សមាជិកាថ្នាក់កណ្ដាល និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៅថ្នាក់រាជធានី ខេត្តទាំង១០ សរុបជិត ៣,០០០នាក់៕