(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាធិបតីភាពក្នុងបុណ្យសម្ពោធឆ្លងកុដ្ឋ ពុទ្ធាភិសេក ឆ្លងខ្លោងទ្វារ ផ្លូវបេតុង វច្ចកុដ្ឋ និងសមិទ្ធផលនានា នៅវត្តខទិរារាម (ហៅវត្តគគីរ) ស្ថិតនៅភូមិទី២ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
នាឱកាសនេះដែរ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា សមិទ្ធផលទាំងនេះបានប្រសូត ចេញពីសទ្ធាជ្រះថ្លាក្នុងការដឹកនាំរបស់ព្រះចៅអធិការវត្ត រួមនឹងសប្បុរសជន ព្រមទាំង ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទាំងអស់ ដែលបង្ហាញពីកម្លាំង សាមគ្គីភាព ចូលរួមបន្សល់ទុកកេរដំណែល សម្រាប់កូនចៅជំនាន់ក្រោយ និង សង្គមជាតិផងដែរ។
ក្នុងនាម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត សូមសម្តែងនូវកត្តញូតវេទីធម៌ ក្រាបថ្វាយបង្គុំដោយ ក្តីគោរពចំពោះព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គដែល បាននិមន្តចូលរួម និងគោរពថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា លោក លោកស្រី សីលវ័ន្ត សីលវតី លោកគ្រូ អ្នកគ្រូ ក្មួយៗ បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំង ព្រមទាំងសូមកោតសរសើរយ៉ាងជ្រាលជ្រៅ ថ្វាយ ប្រគេនចៅអធិការ វត្តខទិរារាម (ហៅវត្តគគីរ) លោកអាចារ្យ គណៈកម្មការ និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានខិតខំ និងចូលរួមកសាងសមិទ្ធិផលទាំងនេះឡើង និងសូមឱ្យកុសល ដែលកើតពីសទ្ធានៃការចូលរួម របស់សប្បុរសជនទាំងឡាយ បាននាំមកនូវសេចក្ដីសុខ និងសេចក្ដីចម្រើន គ្រប់កាល និងគ្រប់វេលា។
ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ទាំងនេះ គឺជាកេរ្តិ៍ ដំណែលសាសនាដ៏មានតម្លៃផ្សារភ្ជាប់នឹងព្រលឹងជាតិនៃបុព្វបុរសយើងតាំង ពីបុរាណកាលក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងដើម្បីងាយស្រួលដល់ពុទ្ធបរិស័ទ ក្នុងការបំពេញកុសលផ្សេងៗ តាមទំនៀមទម្លាប់ ប្រពៃណីសាសនាផងដែរ។
សមិទ្ធិផលក្នុងពុទ្ធចក្រ នាថ្ងៃនេះ ពិតជាបានឆ្លុះបញ្ចាំងពីសាមគ្គីភាពប្រកប ដោយជំនឿដ៏ជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទគ្រប់រូប ហើយចិត្តជា សទ្ធានេះ គឺបានមកពីចិត្តស្អាត គ្មានហ្មងសៅ គ្មានមន្ទិលក្នុងការប្រព្រឹត្តនូវអំពើល្អ ដែលនេះបង្ហាញថាប្រជាពលរដ្ឋខ្មែរយើងមានបេះដូងស្អាត។ នៅក្នុង សិក្ខាបទសីលប្រាំព្រះពុទ្ធ ក៏បានសម្តែងដែរថា ការប្រព្រឹត្តសីល ដែលជា សេចក្តីល្អ នឹងនាំមកនូវសេចក្តីសុខចម្រើន ដល់បុគ្គលអ្នកប្រណិបត្តិផង និងសាយភាយដល់សង្គមជាតិទាំងមូលផង។ ប្រសិនបើយើងគ្រប់គ្នា ម្នាក់ប្រព្រឹត្ត អំពើល្អ១ ក្នុង១ថ្ងៃ នោះយើងនឹងមានអំពើជាង១០លានអំពើល្អ ក្នុង១ថ្ងៃ។
ឈរលើគោលការណ៍ធម៌នៃពុទ្ធឱវាទ និងតាមរយៈការសាងអំពើល្អ ជា កុសល និងបម្រើឱ្យផលប្រយោជន៍ជាតិ តម្កល់ប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា ជាធំនោះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រសូត្រចេញពីការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បានទទួលការគាំទ្រ និង ជំនឿទុកចិត្តពីប្រជាពលរដ្ឋ ដ៏ច្រើនលើសលប់ កំពុងអនុវត្តបេសកកម្មដ៏ ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងកម្មវិធីនយោបាយ និងយុទ្ធ សាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ឥតរាថយយ៉ាងស្វាហាប់ក្នុងការបម្រើជាតិ និងប្រជាជន ដោយសម្រេចបាននូវ សមិទ្ធផលយ៉ាងច្រើនប្រកបដោយក្តីមោទនភាព។
យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើរបៀបវារៈ ធានាប្រសិទ្ធភាព សមិទ្ធកម្ម និងកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងមានគោលដៅចម្បង នៃយុទ្ធសាស្ត្រនេះរួមមានរក្សា ចលនការ នៃ សុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងម្យ៉ាងទៀតកសាង និងពង្រឹង មូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈ ការកសាងភាពធន់ នៃវិស័យទាំង៥ រួមមាន វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្ស សង្គម និងបរិស្ថាន និងការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ។ បញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន នៅមុំទី៥ គឺ ៖ ការធានាចីរភាពបរិស្ថាន និងការរៀបចំ ខ្លួនឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ច បៃតង៕