រោងចក្ររបស់ក្រុមហ៊ុន​កាង​ស៊ីន​​ឡុង ហ្វូត កែច្នៃដំណាប់ស្វាយនៅខេត្តប៉ៃលិន ត្រូវបានរដ្ឋមន្រ្តីក្រសួងបរិស្ថាន បញ្ជាឱ្យ បញ្ឈប់​បង្ហូរ​សំណល់រាវចូលតំបន់ទឹកសាធារណៈនិងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឡើងវិញ

6

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិ ស្ថាន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាឱ្យ ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត (ខេមបូឌា) ឯ.ក (CANXINLONG FOOD, Cambodia Co., LTD) ដែលជារោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ​លេខ ៥៧ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត​ប៉ៃលិន ត្រូវបញ្ឈប់បង្ហូរសំណល់រាវមិនត្រឹមត្រូវ​តាមស្តង់ដារ​បច្ចេកទេស ចូលទៅតំបន់ទឹកសាធារណៈ និងស្តារបរិស្ថាន​ប្រព័ន្ធអូរក្បាលឡានឱ្យបានស្អាតឡើងវិញ។

លើសពីនេះ ក្រុមហ៊ុនត្រូវផ្តល់សំណងការខូចខាតប៉ះពាល់ផ្ទាល់មកលើ គុណភាពទឹក គុណភាពដី ប្រព័ន្ធ អេកូឡូស៊ីនៃប្រព័ន្ធទឹក​សាធារណៈ។

បទបញ្ជារបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីមន្រ្តី​ជំ​នាញ នៃមន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ បានរកឃើញ រោងចក្រកែច្នៃដំណាប់ស្វាយបាន​បញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ ប៉ះពាល់ដល់​ប្រភពលូទឹកសាធារណៈ និងបង្កឱ្យត្រីងាប់ជាច្រើនក្នុង​អូរធម្មជាតិក្បាលឡាន នៅក្បែរតំបន់រោងចក្រនោះ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា ប្រសិនបើក្រុម​ហ៊ុនមិនអនុវត្តច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាទេនោះ ក្រុមហ៊ុន​នឹងមិនអនុញ្ញាតឱ្យដំណើរការផលិតកម្មទៀតនោះបានទេ។
✓សូមបញ្ជាក់ថា តបតាមបទបញ្ជាក់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងការអនុវត្តច្បាប់ បទដ្ឋានគតិយុត្តជាធរមាន​របស់​ព្រះរាជាណាចកម្ពុជា ក្រុមការងារជំនាញក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តប៉ៃលិន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងអ្នកសារព័ត៌មាន បានកំពុងចុះ​ដល់ទីតាំងផ្ទាល់ យកសំណាកទឹក នៅតាមទីតាំងមួយចំនួន និងអនុវត្តវិធានការច្បាប់ជាបន្ទាន់ ជៀសវាងបង្កផលប៉ះ​ពាល់​ដល់បរិស្ថាន សង្គម ជាពិសេសសុខភាព និងការរស់នៅ​របស់​ប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែថា នៅក្នុងច្បាប់ក្រមនៃក្រសួងបរិស្ថាននិងធនធានធម្មជាតិ ដែលបានអនុម័តឱ្យប្រើរប្រាស់នៅឆ្នាំ២០២៣ ត្រង់មាត្រា៨២៤ តម្រូវឱ្យក្រុមហ៊ុនផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន ដើម្បីជៀសវាងការបង្ហូរសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន បង្កឱ្យមានការបំពុលបរិស្ថានជាបន្តទៀត។
មាត្រា ៨២៩ និង​មាត្រា ៨៤៥ បានកំណត់ទោសទណ្ឌ ដែលត្រូវអនុវត្ត​ចំពោះ​ការមិនបំពេញកាតព្វកិច្ច ក្នុងការគ្រប់គ្រងសំណល់រឹង រាវ ទឹក​កខ្វក់ សារធាតុបំពុល ស្របតាមបទដ្ឋាន/ស្តង់ដារបញ្ចេញ។ វិធានការណ៍ទាំងនោះរួមមាន ការពិន័យជាប្រាក់ និង​ទោស​ជាប់ពន្ធធានាគារ តាមច្បាប់ដែលបានកំណត់៕