ពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៤-២០២៥

3

ខេត្តកណ្តាល៖ ការប្រកួតកីឡាសម្រាប់សិស្សបឋមសិក្សាជម្រើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ នាពេលនេះ គឺដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើសយកកីឡាករ កីឡាការិនី ដែលឆ្នើម នឹងមានទេពកោសល្យល្អមកប្រមូលផ្តុំហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតថ្នាក់ជាតិនាពេលខាងមុខ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍បែបនេះ ក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នៅកីឡដ្ឋានខេត្តកណ្តាល ក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ ។

ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍បន្តទៀតថា ក្នុងការប្រកួតនេះ ឃើញថាក្មួយៗកីឡាករ កីឡាការិនីទាំងអស់ យកស្មារតីសាមគ្គីភាព មកអនុវត្តក្នុងការប្រកួតបានល្អប្រសើរ ទាំងសាមគ្គីក្នុងក្រុម និងរវាងក្រុមមួយទៅ ក្រុមមួយទៀតធ្វើឱ្យការប្រកួតនេះទទួលបានលទ្ធផលគួរជាទីមោទនៈ។ ចំពោះក្រុមដែលមិនបានទទួលជ័យជម្នះក្នុងឱកាសនេះ ពេលត្រឡប់ទៅវិញត្រូវខិតខំហ្វឹកហាត់បន្តដើម្បីប្រកួតដណ្ដើម យកជ័យជម្នះនៅឆ្នាំក្រោយៗទៀត ឯក្រុមដែលទទួលបានជ័យជម្នះនាពេលនេះត្រូវស្គាល់ពីភារកិច្ច របស់ខ្លួន គឺត្រូវធ្វើជាតំណាងឱ្យសិស្សបឋមសិក្សាទូទាំងខេត្តកណ្តាល ដើម្បីទៅចូលរួមប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ ដែលនឹងបាប់ផ្តើមពីថ្ងៃទី០២ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ។

ឯកឧត្តម អភិបាលរងខេត្តកណ្តាល ក៏បានណែនាំ ឱ្យរដ្ឋបាល ក្រុង ស្រុក ព្រមទាំងលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក និងលោក លោកស្រី ជានាយក នាយិកា គ្រឹះស្ថានបឋមសិក្សាក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានបឋមសិក្សា ដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវការវិវត្តន៍ផ្នែករូបរាងកាយ បញ្ញាស្មារតី និងបណ្តុះបណ្តាលធនធានមនុស្ស (កីឡាករ) ឱ្យចេះស្រលាញ់ចូលចិត្តលេងកីឡា ស្របទៅ នឹងយុទ្ធសាស្ត្រកំណែទម្រង់លើផ្នែកអប់រំកាយ និងកីឡា ដោយយុវជនម្នាក់ត្រូវមានជំនាញកីឡា មួយប្រភេទយ៉ាងតិចប្រចាំជីវិត។

សូមបញ្ជាក់ផងដែរ លទ្ធផលនៃការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ មាន៥ផ្នែកដូចជា
១. ផ្នែកកីឡាអត្តពលកម្ម
– វិញ្ញាសាររត់ល្បឿន (៦០ម)
កុមារី ចំណាត់ថ្នាក់លេខ១ ស្រុកកណ្តាលស្ទឹង
កុមារ ចំណាត់ថ្នាក់លេខ១ ស្រុកពញាឮ
– វិញ្ញាសាររត់ចម្ងាយ
កុមារី ចំណាត់ថ្នាក់លេខ១ ក្រុងសំពៅពូន
កុមារ ចំណាត់ថ្នាក់លេខ១ ស្រុកពញាឮ
– វិញ្ញាសារលោតកម្ពស់
កុមារី និងកុមារ ចំណាត់ថ្នាក់លេខ១ ស្រុកកៀនស្វាយ
– វិញ្ញាសារលោតចម្ងាយ
កុមារី និងកុមារ ចំណាត់ថ្នាក់លេខ១ ស្រុកកៀនស្វាយ
– វិញ្ញាសាររត់បណ្ដាក់ ៤ដង (៥០x៤)
ចំណាត់ថ្នាក់លេខ១ ស្រុកពញាឮ
– វិញ្ញាសារអត្តពលកម្មកុមារ
ចំណាត់ថ្នាក់លេខ១ ស្រុកពញាឮ
២. ផ្នែកកីឡាប៉េតង់
– វិញ្ញាសារ ១ទល់១
កុមារី និងកុមារ ចំណាត់ថ្នាក់លេខ១ ស្រុកកោះធំ
– វិញ្ញាសារ វាយយកពិន្ទុ
កុមារី និងកុមារ ចំណាត់ថ្នាក់លេខ១ ក្រុងតាខ្មៅ
៣. ផ្នែកកីឡាបាល់បោះ
កុមារី និងកុមារ ចំណាត់ថ្នាក់លេខ១ ការិ.ក្រុងតាខ្មៅ
៤. ផ្នែកកីឡាបាល់ទះ
កុមារី ចំណាត់ថ្នាក់លេខ១ ការិ.ស្រុកអង្គស្នួល
កុមារ ចំណាត់ថ្នាក់លេខ១ ការិ. ស្រុកកណ្តាលស្ទឹង
៥. ផ្នែកកីឡាបាល់ទាត់
កុមារី ចំណាត់ថ្នាក់លេខ១ ការិ.ក្រុងតាខ្មៅ
កុមារ ចំណាត់ថ្នាក់លេខ១ ការិ.ស្រុកស្អាង