ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល រួមជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្រោមអធិបតីភាពឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល ដោយមានការអញ្ជើញចូលពីកងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ នៅសាលាខេត្តកណ្ដាល។
មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា៖ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរ គ្រប់ជំនាន់ ដែលបានពលីកម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិតក្នុងការបង្កើត ថែរក្សា និង ការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន រួមទាំងសិល្បៈវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ជំនឿ សាសនា ឆ្លុះបញ្ចាំងនូវលក្ខណៈដ៏ផូរផង់របស់ជាតិ បន្សល់ទុក មកដល់កូនចៅជំនាន់ក្រោយ។
ឯកឧត្ដម អភិបាលរងខេត្ត បន្ថែមថា៖ វិស័យសិល្បៈ និងវប្បធម៌ មិនត្រឹមតែសំដៅទៅដល់កិច្ចការពារអត្តសញ្ញាណជាតិនិងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹង និងបង្វែរទិសវិស័យសិល្បៈ ឱ្យក្លាយទៅជា វិស័យសកម្ម ចូលរួមដោយផ្ទាល់ និងដោយប្រយោល ដល់កំណើនសេដ្ឋកិច្ច ដោយផ្តល់អាទិភាពទៅលើការអភិវឌ្ឍន៍ធនធានមនុស្ស សំដៅការបង្កើតឱកាសការងារ ពង្រឹងអាជីព និងការធានានូវចីរភាពផ្នែកចំណូលរបស់ប្រជាជន ពិសេសយុវជនយើង។ ហើយការចូលរួមរបស់យុវជនក្នុងវិស័យសិល្បៈវប្បធម៌ ជាកត្តាមិនអាចខ្វះបាន ដើម្បី សេដ្ឋកិច្ចសង្គម និងការទប់ស្កាត់ការឆ្លងរាលដាលពីវប្បធម៌ដទៃ ដែលអាចប៉ះពាល់ដល់លក្ខណៈដើមនៃវប្បធម៌យើង។
ឯកឧត្ដមអភិបាលរងខេត្ត បន្ថែមថា៖ ពាក្យថាគោរពស្រឡាញ់វប្បធម៌ជាតិ ជាពាក្យងាយស្រួលនិយាយ ប៉ុន្តែដើម្បីឱ្យមានការគោរពស្រឡាញ់ពិតប្រាកដ ជាដំបូងយើងត្រូវការយល់ដឹងឱ្យ បានល្អអំពីសិល្បៈវប្បធម៌ជាតិ និងការចូលរួមគ្រប់រូបភាពដល់ការការពារ និងការលើកស្ទួយ វប្បធម៌ជាតិយើង ។ ក្នុងន័យនេះ ការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង បង្កើនឱកាសនៃការចូលរួម បង្កើតឱ្យមានភាពទាក់ទាញកាន់តែខ្លាំងដល់មហាជនទូទៅ ជាពិសេសយុវជន និងពង្រឹងសេចក្តីគោរពស្រឡាញ់នូវវប្បធម៌ ទាំងរូបី និងអរូបី របស់ប្រជាជាតិ។
ឯកឧត្ដមអភិបាលរងខេត្ត មានសង្ឃឹមថា តាមរយៈ ទិវាវប្បធម៌ជាតិ លើកទី២៧ នេះ ស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប មានស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិ ស្ថិតនៅជានិច្ចកាល និងរីកដុះដាលក្នុងស្មារតី និងសកម្មភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសក្នុង ចំណោមយុវជនរបស់យើង ដើម្បីបន្តវេនទទួលខុសត្រូវថែរក្សាការពារសម្បត្តិវប្បធម៌ជាតិទាំងនេះឱ្យបានគង់វង្សឋិតថេរ ។