ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់កម្លាំងកងរាជអាវុធហត្ថខេត្ត នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ។
ឯកឧត្តម គួច ចំរើន បានថ្លែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់កម្លាំងកងរាជអាវុធហត្ថខេត្ត ជាពិសេសយុវជន សូមបន្តចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតដល់ជនរងគ្រោះដែលកំពុងតែត្រូវការឈាមជាចាំបាច់។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់កម្លាំងកងរាជអាវុធហត្ថខេត្តទាំងអស់ ដែលបានចូលរួម និងជួយគាំទ្រយ៉ាងពេញទំហឹង ក្នុងយុទ្ធនាការផ្តល់ឈាមដោយស្ម័គ្រចិត្តជារៀងរាល់ពេលយ៉ាងទៀងទាត់ ពីព្រោះឈាមគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ បើកគ្មានអ្នកបរិច្ចាគឈាមទេ គឺយើងគ្មានឈាមសម្រាប់ជួយសង្គ្រោះអ្នកជំងឺនោះឡើយ ។
ក្នុងពិធីនេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី វិជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឍមណ្ឌលជាតិផ្តល់ឈាម ក៏បានផ្តល់កិត្តិយយសបំពាក់មេដាយ របស់មជ្ឍមណ្ឌលជាតិផ្តល់ឈាម ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកណ្តាលផងដែរ ។ សូមបញ្ជាក់ថា កន្លងមកកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការបរិច្ចាគឈាមជូនមជ្ឍមណ្ឌលជាតិផ្តល់ឈាម ក្នុងមួយឆ្នាំចំនួនពីរលើក គិតចាប់ពីឆ្នាំ២០១៥ រហូតមកបច្ចុប្បន្ននេះ បានចំនួន ១៥លើក ក្នុងនោះមានអ្នកចូលរួមចំនួន ៣៤៣២នាក់ ហើយអ្នកដែលបានបរិច្ចាគឈាម ជូនមជ្ឍមណ្ឌលជាតិផ្តល់ឈាម មានចំនួនជាងពីពាន់ផ្លោក។ ដោយឡែកសម្រាប់កម្មវិធីបរិច្ចាគឈាមនាថ្ងៃនេះ គឺទទួលបានឈាមប្រមាណ ១៨៨ ផ្លោក។
គួរជម្រាបផងដែរថា ចំពោះការបរិច្ចាគឈាម គឺមនុស្សទូទៅអាចធ្វើការបរិច្ចាគបាន ដែលតម្រូវឱ្យមានអាយុចាប់ពី ១៨ឆ្នាំឡើង មានទម្ងន់ចាប់ពី ៤៥ គីឡូឡើងទៅ មានសម្ពាធឈាមធម្មតា មានគ្រាប់ឈាមក្រហមគ្រប់គ្រាន់ និងមានសុខភាពល្អ។ ការបរិច្ចាគឈាមម្តង យើងទទួលបានការពិនិត្យពិគ្រោះសុខភាពម្ដង ដូច្នេះយើងអាចដឹងពីស្ថានភាពជំងឺឆ្លងផ្សេងៗដូចជា ជំងឺថ្លើមប្រភេទ បេ សេ ស្វាយ អេដស៍ជាដើម ហើយក្រុមការងារ នៃមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមនឹងរក្សាសម្ងាត់ជូន។ ជួយកាត់បន្ថយ នូវហានិភ័យនៃជំងឺមហារីកនានា។ កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង។ ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
បើតាមព្រះពុទ្ធសាសនា ការបរិច្ចាគឈាម គឺស្ថិតនៅក្នុងទានកម្រិតទី២ គឺទានឧបរបារមី ដែលយើងទាំងអស់គ្នាអាចធ្វើបាន ទោះបីគ្មាន លុយកាក់ក៏ដោយ ព្រោះការបរិច្ចាគឈាមគឺជាការធ្វើទាន ដោយការលះបង់នូវកោសិការបស់ខ្លួន ដើម្បីជាគុណប្រយោជន៍ចាំបាច់ជួយសង្គ្រោះជីវិតអ្នកជំងឺ ប្រសិនបើយើងមិនបានបរិច្ចាគឈាមទេ ក៏គ្រាប់ឈាមក្រហមរបស់យើង នឹងស្លាប់ទៅវិញដោយអាសាឥតការក្នុងរយៈពេល១២០ថ្ងៃ។