ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង១០.៣៥នាទី នេះ ប្រជាពលរដ្ឋបានប្រាប់មកបណ្ដាញសារព័ត៌មានយើងឱ្យបានដឹងថា÷ មានគ្រឿងចក្រមួយគ្រឿង មិនដឹងថា ជារបស់ក្រុមហ៊ុនណាទេ? កំពុងតែឈូសឆាយកាយយកអាចម៍ដីដឹកទៅលក់តាមផ្ទះប្រជាពលរដ្ឋនៅចំណុចភូមិយួន ស្ថិតក្នុងឃំុឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយការឈូសឆាយនោះគេប្រើប្រាស់ជាប្រភេទត្រាក់ទ័រ និងអេសស្កាវ៉ាទ័រ។
តាមប្រភពបានបន្តឲ្យដឹងថា ការឈូសឆាយ កាយយកអាចម៍ខាងលើនេះ មានមេឈ្មួញដ៏សកម្មម្នាក់ខាងរត់ការ យកគ្រឿងចក្រមកជីក កកាយយកអាចម៍ដី លក់យកលុយចែកគ្នា យ៉ាងគឃ្លើនដោយគ្មានញញើតនឹងច្បាប់ទាល់តែសោះ។ ហើយមេឈ្មួញទាំងនោះបានឈ្លៀតឱកាសពេលដែលអាជ្ញាធរកំពុងមមាញឹកការងារ ទើបទើបក្រុមនេះហ៊ានជីក កកាយយកអាចម៍ដី មកលក់ដាក់តាមផ្ទះយកលុយចែកគ្នាដាក់ហោប៉ាវយ៉ាងរំភើយ ដោយអាចម៍ដីដែលឈ្មួញជីក កកាយយកដីលក់នោះ គឺលក់ក្នុងមួយឡានបានចំនួន(៤៥០០០រៀល)។
ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋបានអំពាវនាវដល់លោក ចេង ចាន់ដូណា អភិបាល នៃគណៈអភិស្រុកបរិបូណ៌ និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ មេត្តាចាត់វិធានការទប់ស្កាត់ចំពោះមេឈ្មួញខាងរត់ការគ្រឿងចក្រដ៏សកម្មទាំងនោះឱ្យបញ្ឈប់ជាបន្ទាន់ព្រោះដីចំណុចនោះគឺជាដីមិនទាន់បានកាត់ឃ្វាលនៅឡើយ។ ព្រោះតំបន់នោះកន្លងមកមិនដែលមានប្រជាពលរដ្ឋណាហ៊ានប៉ះពាល់ឡើយ។
សូមបញ្ជាក់ផងដែលថា កន្លងមកមានពលរដ្ឋនៅចំណុចម្ដុំភូមិយួន ស្ថិតក្នុងឃំុ ឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់អាជ្ញាធរឱ្យមានវិធានការទប់ស្កាត់ករណីមេឈ្មួញខាងរត់ការគ្រឿងចក្រទន្ទ្រានដីរបស់រដ្ឋក្នុងមូលដ្ឋានរបស់ពួកគាត់ផងដែរ។
យោងតាមការធ្វើបទសម្ភាសន៍រវាងអ្នកសារព័ត៌មាន និងអាជ្ញាធរឃុំឆ្នុកទ្រូ តាមរយៈទូរស័ព្ទលោកបានឆ្លើយបំភ្លឺថា÷ករណីឈូសឆាយយកអាចម៍ដីខាងលើនេះគឺអាជ្ញាធរមិនមានការអនុញ្ញាតិឡើយ។ព្រោះដីនៅចំណុចនេះជាដីរបស់រដ្ឋដោយមិនទាន់កាត់ឃ្វាលអោយបុគ្គលណានៅឡើយទេ។
ជាចុងបញ្ចប់ប្រជាពលរដ្ឋបានសង្ឃឹមទៅដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលលោកតែងតែប្រើកណ្ដាប់ដៃដែកបង្ក្រាប់ចំពោះជនខិចខូតណាដែលហ៊ានឈូសឆាយដីរបស់រដ្ឋដោយមិនលើកលែងឡើយ។ ជាពិសេសបើរកឃើញករណី ជីក កកាយយកអាចម៍ដីលក់ពីមេឈ្មួញទាំងនេះនៅក្នុងឃុំ ឆ្នុកទ្រូ សូមលោកមេត្តាចាត់វិធានតាមផ្លូវច្បាប់ដោយមិនមានការបន្ធូរបន្ថយឡើយ។
ជុំវិញការចុះផ្សាយព័ត៌មានខាងលើអង្គភាព សារព័ត៌មានយើងខ្ញុំ រង់ចាំទទួលការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពី របបអ្នកសារព័ត៌មាននៅកម្ពុជា។សូមអរគុណ