ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវបានកម្លាំងសមត្ថកិច្ចខេត្ដពោធិ៍សាត់ចាប់ឃុំបណ្ដោះអាសន្ន ពាក់ព័ន្ធផលិតផលកូលាយកកែឆ្នៃគ្រឿងសំអាងដោយគ្មានច្បាប់អនុញ្ញាត

9

ខេត្តពោធិ៍សាត់÷ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដពោធិ៍សាត់ បានចាប់ខ្លួនលោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខលមេ ឯ.ក កាលពីថ្ងៃថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ រួចបញ្ជូនមកកាន់តុលាការខេត្តពោធិ៍សាត់នៅថ្ងៃនេះ រួចឃុំខ្លួនជាបណ្ដោះអាសន្ន។

ការចុះបង្ក្រាបនេះមិនមែនជាលើកទី១ទេ កន្លងមកនៅខេត្តស្វាយរៀងធ្លាប់បានចុះចាប់ និងបិទទីតាំងឃ្លាំងផលិតគ្រឿងសំអាងសម្រស់ធារ៉ា ម្ដងរួចមកហើយ ប៉ុន្តែក្រុមហ៊ុនមិនញញើតនឹងផ្លូវច្បាប់បន្ដិចដោយបន្ដចែកចាយគ្មានច្បាប់អនុញ្ញាតលើទីផ្សារ ២៥ខេត្ដក្រុង មិនខ្វាយខ្វល់ពីអំពើរទុច្ចរិតរបស់ខ្លួនទាល់តែសោះឡើយដោយអាងមានលុយច្រើន គិតថាមិនមានអ្នកណាធ្វើអ្វីកើត។

ដោយបទល្មើសកើតឡើងជាបន្តបន្ទាប់ នៅខេត្តពោធិ៍សាត់ឯណោះវិញ ទើបថ្មីៗសមត្ថកិច្ចបានចុះបង្ក្រាប ជាមួយមន្ត្រីជំនាញ ហើយបានរកឃើញថា ផលិតផលទាំងនោះផលិតដោយគ្មានស្ដង់ដារបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

បច្ចុប្បន្នតំណាងអយ្យការអមសាលាដំបូងខេត្ដពោធិ៍សាត់ បានឃុំខ្លួនលោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ជាបណ្ដោះអាសន្ន និងបន្ដចាត់ការតាមនីតិវិធីច្បាប់៕