ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ រៀបចំពិធីសំណេះសំណាល ជាមួយអាជ្ញាធរស្រុកល្វាឯម ក្រុងអរិយក្សត្រ និងក្រុងតាខ្មៅ ខេត្តកណ្តាល

6

(កណ្តាល)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងប្រធានមណ្ឌលសុខភាពឃុំសង្កាត់ទាំងអស់ នៃស្រុកល្វាឯម ក្រុងអរិយក្សត្រ និងក្រុងតាខ្មៅ សរុបចំនួន២៣៣នាក់ នាថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥។

តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។

ឯកឧត្តមប្រធានក្រុមបានបញ្ជាក់ថា ដោយអនុវត្តតាមកម្មវិធីការងាររបស់ព្រឹទ្ធសភា និងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ សមាជិកសមាជិកានៃក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ប្តេជ្ញាចុះជួបប្រាស្រ័យឱ្យបានជាប្រចាំជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត និងជាប្រតិបត្តិករជួរមុខនៅកៀតជិតជាមួយប្រជាពលរដ្ឋ ដើម្បីឈ្វេងយល់ពីបញ្ហាប្រឈម សំណូមពរ ការអភិវឌ្ឍមូលដ្ឋាន ដើម្បីរិះរកមធ្យោបាយដោះស្រាយរួមគ្នា ព្រមទាំងចូលរួមមតិជួយពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឬធ្វើរ បាយការណ៍គោរពជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងព្រឹទ្ធសភា។

ឯកឧត្តមប្រធានក្រុម បានជម្រាបជូនអង្គពិធីដោយសង្ខេបអំពីសភាពការណ៍ថ្មីៗដែលបាននិងកំពុងកើតឡើងនាពេលបច្ចុប្បន្នថា ដោយសារតែមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលបច្ចុ ប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវការអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ប្រឡាយទឹក មន្ទីរពេទ្យ សាលារៀនមាននៅគ្រប់ទីកន្លែងទាំងអស់ ក្នុងនោះបាននិងកំពុងអាស្រ័យផលពីសន្តិភាព សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ ដែលបានអនុញ្ញាតឲ្យយើងទាំងអស់គ្នាមានឱកាសចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិបានរីកចម្រើនជាបន្តបន្ទាប់។ ជាមួយនេះ ក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល នីតិកាលទី៧ បានសម្រេចដំឡើងថវិកាសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ការទទួលបានគម្រោងវិនិយោគជាច្រើន ការសម្រេចបង្កើនមន្រ្ដីប៉ុស្ដិ៍នគរបាលរដ្ឋបាលឱ្យបានយ៉ាងតិច ១០នាក់ ក្នុងមួយឃុំ-សង្កាត់ និងការដាក់ចេញនូវកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព តាមរយៈ «គោលនយោបាយចែកដីជូនប្រជាពលរដ្ឋខ្មែរដែលគ្មានដីពិតប្រាកដ»។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី៣ បានជម្រាបជូនអង្គពិធីដោយសង្ខេបអំពីការរៀបចំ និងដំណើរការប្រព្រឹត្តទៅនៃព្រឹទ្ធសភា នីតិកាលទី៥ និងតួនាទីភារកិច្ច សមត្ថកិច្ចរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ សមិទ្ធផល និងស្នាដៃដ៏ច្រើនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ និងអាទិភាពចម្បងចំនួនពីរនៅក្នុងនីតិកាលទី៥ នៃព្រឹទ្ធសភា ដែលសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានដាក់ចេញ គឺអាទិភាពទី១ «ការអនុវត្តការទូតសភា» និងអាទិភាពទី២ គឺ «ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត»។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ប្រធានបទដែលយកមកធ្វើបទបង្ហាញពាក់ព័ន្ធនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ពិតជាមានសារសំខាន់ណាស់ ដោយសារការងារចុះបញ្ជីអត្រានុដ្ឋាននេះ គឺបានផ្សារភ្ជាប់ទៅជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសមានទំនាក់ទាក់ទងនឹងការទទួលបានបណ្ណរបបសន្តិសុខសង្គម(ប.ស.ស) ផ្នែកថែទាំសុខភាពដោយឥតគិតថ្លៃ។ លោកជំទាវបណ្ឌិត ក៏បានផ្តល់នូវទស្សនទានផ្លូវច្បាប់ជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បី ដោះស្រាយនូវបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព និងគណនេយ្យភាព។

ឆ្លងតាមការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ដាច់ដោយឡែកពីគ្នារួចមក ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរស្រុក ក្រុង ក្រុមប្រឹក្សាឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងបានដោះស្រាយរាល់បញ្ហាទុក្ខកង្វល់ និងសំណូមពរនានារបស់បងប្អូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។

ឯកឧត្តមប្រធានក្រុម បានលើកទឹកចិត្តដល់រដ្ឋបាលស្រុក ក្រុង និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ឱ្យបន្តខិតខំលើកកម្ពស់ការបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន, ប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ មនសិការវិជ្ជាជីវៈ និងមានភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច,

ខិតខំលើកកម្ពស់សមត្ថភាពជាប្រចាំដើម្បីប្រើប្រាស់ធនធានដែលមានស្រាប់ដោះស្រាយបញ្ហាជាអាទិភាពនានារបស់មូលដ្ឋាន ប្រក បដោយតម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌ជូនដល់ប្រជាពលរដ្ឋ ក្នុងនាមជាអ្នកបម្រើផលប្រយោជ ន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ក្នុងឱកាសរៀបចំពិធីសំណេះសំណាលនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានឧបត្ថម្ភអាហារសម្រន់ ភេសជ្ជៈ និងថវិកាជូនក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋឃុំ សង្កាត់ និងប្រធានមណ្ឌលសុខភាពឃុំ សង្កាត់ទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល ដោយសរុបការចំណាយទាំងអស់ជាង ២៨លានរៀល៕