រដ្ឋបាលជលផល ខេត្តចុះបង្ក្រាបនិងរុះរើ នេសាទលូស្បៃមុង យកទៅកំទេចចោល នៅស្ពានតាហោ ក្រុងស្វាយរៀង

22

ខេត្តស្វាយរៀង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល ខេត្តស្វាយរៀងបានចុះបង្ក្រាបនិងរុះរើ នេសាទលូស្បៃមុង ប្រមូលយកទៅកំទេចចោល សាទរពីប្រជាពលរដ្ឋ។
ករណីចុះបង្ក្រាបនិងរុះរើ នេសាទលូស្បៃមុងធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹករហូតដល់ម៉ោង៤រសៀលថ្ងៃទី២៨ខែមីនាឆ្នាំ២០២២នៅចំណុចខាងត្បួងស្ពានតាហោ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមមន្ត្រីខណ្ឌរដ្ឋបាលជលផល ខេត្តស្វាយរៀងបានឱ្យដឹងថាករណីចុះបង្ក្រាបនិងរុះរើ មានកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងស្វាយរៀងនិងសមត្ថកិច្ចពាក់ព័ន្ធដឹកនាំដោយលោក ស្រេង គ្រី នាយខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង។
ដោយជាលទ្ធផលបង្ក្រាបនិងរុះរើបានរួមមាន ៖ លូស្បៃមុងចំនួន២៥មាត់លប កន្ទុយកណ្តុលចំនួន០៥កន្ទុយប្រវែង៦០ ម៉ែត្ររបាំងស្បៃមុងចំនួន១០៥០ម៉ែត្រនិងបង្គោលចំនួន៥០០ដើម។
ប្រភពបន្តថា រហូតដល់ម៉ោង៤រសៀលថ្ងៃដដែលនេះផងដែរលោក សេង សីលា អភិបាលរងខេត្តស្វាយរៀង និងលោកណុប ចំរើន អភិបាលក្រុង ក៏បានអញ្ជើញចូលរួមធ្វើការដុតកំទេចចោលឧបករណ៍នេសាទខុសច្បាប់ទាំងអស់នេះផងដែរ ៕