នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ លោក បណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ, ជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត សនសៃ ស៊ី ផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងធ្វើជាសហប្រធានជាមួយ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំកិច្ចប្រជុំកំពូលលើកទី១៥ រវាងគណបក្ស ប្រជាជនកម្ពុជានិងគណបក្សប្រជាជនបដិវត្តន៍ឡាវ។
ទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យកាន់តែ រឹងមាំស៊ីជម្រៅ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត៕